កោះកុង÷ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”។
ក្នុងពិធីនោះ លោកជំទាវអភិបាលខេត្ត បានអានសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងអ្នកពាក់ព័ន្ធ ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវ គោលនយោបាយអាទិភាព និងការកែទម្រង់ស៊ីជម្រៅដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយក្នុងនោះក៏មានការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានោះ លោកជំទាវបានយកឱកាសនេះ អំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធត្រូវ៖
១/បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
២/បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។
៣/ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញ។
៤/បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ និងភាពប្រកួតប្រជែងខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចដែលប្រធានបទនៃទិវាជាតិនេះបានលើកឡើងថា “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”។
៥/ចូលរួមសហការ និងគាំទ្រកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគួ្រសារក្រីក្រ និងងាយរងគ្រោះ។
៦/ប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។
៧/អ្នកពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”នេះ ឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា៕