ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើដរបៀបវារៈសំខាន់ចំនួន២ មានដូចជា៖ ១)ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង២)ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ការកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបថា រដ្ឋសភាអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទលើសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នាសម័យប្រជុំ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមាន សមាជិកសមាជិកា រដ្ឋសភា ចូលរួមចំនួន១០០រូប។
សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ មាន១២គន្ថី និង៨៦៥មាត្រា និងត្រូវបានតាក់តែងឡើង ដោយផ្អែកលើ គោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យ នៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿន ផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហា ដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។
ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណងពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្ដល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើត ទីផ្សារនិងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។ កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលអាចព្យាករណ៍បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម។ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវ សមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
