ជោគជ័យនៃការសិក្សារបស់សិស្សពូកែថ្នាក់ខេត្តចំនួន៦នាក់នេះ ត្រូវបានលោកជំទាវអភិបាលខេត្តកោះកុង កោតសរសើរពីសមត្ថភាពចំណេះដឹង និងជំរុញឱ្យបន្តសិក្សាបន្ត ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងជាធនធានមនុស្សដែលសង្គមជាតិត្រូវការ។
ក្នុងជំនួបសំណេះសំណាល និងផ្តល់ថវិកាជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្ស រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ សង្ឃឹមជឿជាក់ថា សិស្សពូកែថ្នាក់ខេត្តផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ នៅឆ្នាំនេះ នឹងបន្តថែរក្សាសុខភាពឱ្យបានល្អ ហើយយកជោគជ័យអំពីការប្រឡងសិស្សពូកែទូទាំងប្រទេសឱ្យខានតែបាន ក្នុងគោលបំណងលើកស្ទួយមុខមាត់ខេត្ត ក្រុមគ្រួសារ និងរូបខ្លួនឯងផ្ទាល់។
បើតាមលោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ នៅកំឡុងខែដើម ខែមេសា និងដើមខែឧសភា មន្ទីរ និងសាលារៀនបណ្តាក្រុងស្រុក តម្រូវមានឱ្យការកម្មវិធីប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីសម្រិតសម្រាងយកតែពូកែលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ។
លោក ជូ សេរីយ៉ា បន្តថា ក្រោយបានលទ្ធផលរើសសិស្សពូកែចំនួន៦នាក់ លោកក៏បន្តណែនាំបន្ថែមដល់ពួកគេដើម្បីត្រៀមខ្លួនចូលប្រឡងសិស្សពូកែទូទាំងប្រទេសដែលធ្វើឡើងនៅខេត្តបាត់ដំបង ក្នុងបរិវេណវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងកាលបរិច្ឆេទបិទកម្មវិធី និងចែករង្វាន់ដល់សិស្សជ័យលាភី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
សិស្សពូកែទាំង៦នាក់ក្នុងខេត្តកោះកុង នៅពេលនេះ មានប្រុស២នាក់ និងស្រី៤នាក់ ពួកគេមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោ សែន កោះកុង វិទ្យាល័យប៉ាក់ខ្លង វិទ្យាល័យតានូន និងវិទ្យាល័យកោះស្តេច។
ទាក់ទិននឹងកម្មវិធីប្រឡងសិស្សពូកែទូទាំងប្រទេសដែលធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា គោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ៕