ប៉ៃលិន៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុមការងារមូលនីធិ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ ។
ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ។
ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សារ៉ាត់ ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកដោយលំបាក របស់សម្តេចតេជោ ហ៊ុន សែន គឺយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា ដូច្នេះសូមលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចបន្តដឹកនាំនាវាកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត ។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។
សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល រួមទាំងអង្ក ២៥គីឡូក្រាម និងមី ១កេស ផងដែរ ។