(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រគល់ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់១កំប្លេរ ជូនដល់លោកស្រី ឡេង ហុង ជាស្ត្រីមេម៉ាយកូន៤នាក់ ទីទ័លក្រ ដែលរស់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ និងបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន១៥៦គ្រួសារ ដែលរស់នៅឃុំស្វាយឃ្លាំង និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។
លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងដា ផ្ទះ១ខ្នង ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងការរស់នៅ១កំប្លេរ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រគល់ជូនដល់លោកស្រី ឡេង ហុង ជាស្ត្រីមេម៉ាយកូន៤នាក់ទីទ័លក្រ មានទំហំ៥X៦ម៉ែត្រ ចំណាយថវិការអស់ជិត៥ពាន់ដុល្លា និងអំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្របំផុតចំនួន១៥៦គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕