អ្នកនាំពាក្យ៖ ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់ក្រុមលោក ថេង សាវឿន ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព

ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យ (ថេង សាវឿន និងបក្ខពួក) រួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសន្មត់ថា ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតែលហ្កាឡាក់ស៊ី ២ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតន គិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ភ្នំពេញ៖ ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យ (ថេង សាវឿន និងបក្ខពួក) រួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសន្មត់ថា ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតែលហ្កាឡាក់ស៊ី ២ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតន គិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងខេត្តរតនគិរី បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៣ អយក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពខុសច្បាប់របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតែលហ្កាឡាក់ស៊ី២ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ដែលមាន១.ឈ្មោះ ថេង សាវឿន ជាប្រធានសមាគម ២.ឈ្មោះ ញិល ភាព ជាប្រធានរដ្ឋបាល ហេរញ្ញិក ៣.ឈ្មោះ ចាន់ វិបុល ជាអ្នកវិភាគឯករាជ្យ ៤.ឈ្មោះ ថាន់ ហាច ជាបុគ្គលិកសមាគម និងបុគ្គលផ្សេងទៀត។ នៅក្នុងអំឡុងពេលនការលបលួចជួបជុំរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានេះ មានការប្រមូលទូរស័ព្ទដៃរបស់អ្នកចូលរួមទាំងអស់ទុក ក្នុងកេសទឹកសុទ្ធ ព្រមទាំងបង្វិលកាមេរ៉ាសុវត្ថិភាពចុះក្រោម មិនឱ្យឃើញសកម្មភាពខុសច្បាប់ក្នុងបន្ទប់ប្រជុំ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបន្តថា ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យរួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសន្មតថា ការលួចជួបជុំនេះមានខ្លឹមសារក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព ។

ដោយយល់ឃើញថា មានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានសម្រេចបើកការស៊ើបសួរលើអង្គហេតុ និងបុគ្គល៖ ១.ឈ្មោះ ថេង សាវឿន ភេទប្រុស សញ្ជាតិខ្មែរ ២.ឈ្មោះ ញិល ភាព ភេទប្រុស សញ្ជាតិខ្មែរ ៣.ឈ្មោះ ថាន់ ហាច ភេទប្រុស សញ្ជាតិខ្មែរ ៤.ឈ្មោះ ចាន់ វិបុល ភេទប្រុស សញ្ជាតិ ខ្មែរ និងបក្ខពួក ពីបទ៖ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៥៣ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១២៧ អ.យ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តរតនគិរី ។

បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តរតនគិរីបើកការស៊ើបសួរលើសំណុំរឿងខាងលើនេះ ចៅក្រមស៊ើបសួរដែលទទួលបន្ទុកសំណុំរឿង បានសម្រេចឃុំខ្លួនជនត្រូវចោទទាំងបីនាក់ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ហើយតុលាការនឹងបន្តធ្វើចំណាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយធានាថា សិទ្ធិទាំងឡាយរបស់ជនត្រូវចោទ ត្រូវបានគោរព និងអនុលោមតាមនីតិវិធីច្បាប់។

គួររម្លឹកឱ្យដឹងថា ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២០ ខែឧសភានេះថា “លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឱ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអ៊ីចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ ឬក៏សាបព្រោះបដិវត្តន៍កសិករ”។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងដឹងហើយនៅខេត្តរតនគីរី ពីមុន ប៉ុល ពត ក៏បានសាបព្រោះបដិវត្តន៍កសិករនៅម្តុំហ្នឹងដែរ ហើយការរៀនសូត្រមិនខុសគ្នាពីហ្នឹងទេ។ ដូច្នេះគាត់យកគំរូតាម ប៉ុល ពត ដែលសាបព្រោះបដិវត្តន៍កសិករ ក្រោកឡើងតស៊ូផ្តួលរំលំរបបជិះជាន់ វាមិនខុសពីរបប ប៉ុល ពត ទេ។”

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា “យើងអាចចាត់ទុកថា នេះជាវិធានការមួយដើម្បីថែរក្សាសន្តិភាព។ ក្នុងករណីទុកយូរសន្តិភាព វាមានការគំរាមកំហែង។ បដិវត្តន៍កសិករ ជាពិសេសមេខ្មែរក្រហម ប៉ុល ពត, អៀង សារី បានយកមកប្រើប្រាស់នៅជនជាតិភាគតិចខាងត្បូង បន្ទាប់មកបានឈានមកដល់ភូមិភាគកណ្តាល វាទៅជាខ្មែរក្រហម។ បើយើងមិនមានវិធានការទេ វាអាចនឹងរាលដាលដល់សង្គមយើងបច្ចុប្បន្នដែលកំពុងតែមានសន្តិភាព”។

សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC) និងបក្ខពួក ចំនួន១៧នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួននៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសួរបំភ្លឺ។ ក្នុងចំណោម១៧នាក់ មានការសង្ស័យមនុស្ស៣នាក់ ដែលជាមេក្លោងទទួលខុសត្រូវរួមមាន៖
១-ឈ្មោះ ថេង សាវឿន ភេទប្រុស ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC)
២-ឈ្មោះ ញិល ភាព មន្រ្តីសមាគម
៣-ឈ្មោះ ថាន់ ហាច មន្រ្តីសមាគម

ប្រភពបញ្ជាក់ថា មូលហេតុនៃការឈានទៅឃាត់ខ្លួននេះ ដោយសារតែក្រោយពេលដែលបញ្ចាប់ការបណ្តុះបណ្តាលនៅខេត្តរតនគីរី ពួកគេបានបន្សល់ទុកនូវឯកសារភស្តុតាងមួយចំនួនដែលមានខ្លឹមសារបែបញុះញង់ឱ្យមានការប្រឆាំងរាជរដ្ឋាភិបាល និងសាបព្រោះបដិវត្តន៍កសិករ។ ដោយផ្អែកលើចម្លើយសារភាព និងភស្តុតាងដែលរឹបអូសបាន អាចសន្និដ្ឋានបានថា មុខសញ្ញាមេក្លោងទាំង៣នាក់ខាងលើដឹកនាំដោយឈ្មោះ ថេង សាវឿន គឺពិតជាមានចេតនា ប៉ុនប៉ងធ្វើសកម្មភាពចលនាបដិវត្តន៍កសិករ ញុះញង់ប្រឆាំងរាជរដ្ឋាភិបាល។ បច្ចុប្បន្នមនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តរតនគិរី ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំពោះអ្នកបានចូលរួមឱ្យធ្វើកិច្ចសន្យាអប់រំ ណែនាំឱ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕