ឯកឧត្តម អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន

រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរ​ដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ប៉ៃលិន៖ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរ​ដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ដែលរហូតមកដល់​ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផល ៤០% តាមផែន​ការ​គ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀត ហើយបន្ថែមលើនេះ ឯកឧត្តមប្រធាន ក៍បាន​ណែនាំឱ្យក្រុម​ការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើមនៃស្តូបអនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​កំណត់​យកទិវា​ នយោបាយ​ឈ្នះ-ឈ្នះ ​ថ្ងៃទី២៩​ធ្នូ​ ចូលទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ចាប់​ពីឆ្នាំ​២០២២​ តទៅ​ តែមិន​អនុញ្ញាត​ឱ្យមាន​ការឈប់​សម្រាកនោះទេ ​ដែលក្នុងសារាចរណែនាំ​ ​ចុះហត្ថលេខា​ដោយសម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា​ «អស់រយៈពេល​២៤ឆ្នាំកន្លងមក​ ប្រទេស​កម្ពុជា​បានកំណត់​យកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ​១៩៩៨​ ជាការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ដោយ​មិនមាន​ការបង្ហូរឈាម​ និងទទួលបាន​សន្តិភាព​ពេញលេញ ​តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ ​ជាគោល​នយោបាយ​ដ៏ធំមួយ​ក្នុងការដឹកនាំ​ប្រទេសកម្ពុជា​ បន្ទាប់ពីឆ្លងកាត់​នូវដំណាក់​កាល​សង្គ្រាម​ ដំណាក់កាល​នៃរបបប្រល័យ​ពូជសាសន៍​ ប៉ុលពត​ និងដំណាក់កាល​សង្គ្រាមផង​ ចរចាផង​ រហូតលេចឡើងនូវ​វត្តមាន​នៃនយោបាយឈ្នះ-ឈ្នះ» ៕

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅ ខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ​ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។