សម្តេច ទៀ បាញ់៖ វីរយុទ្ធជនកម្ពុជា ដែលពលីលេីសមរភូមិ នៅស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋកម្ពុជាជានិច្ច

សង្គ្រាមក្នុងប្រវត្តិសាស្ត្រដេីម្បីរំដោះ និងការពារប្រទេសកុំឱ្យរបបប្រល័យពូជសាស្ត្រវិលមកវិញនោះ បានធ្វេីឱ្យយុទ្ធជនកម្ពុជាមិនតិចនោះឡេីយ បានពលីជីវិត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលេីកឡេីងថា វីរភាពរបស់យុទ្ធជនកម្ពុជា នៅតែដិតដាមក្នុងក្រអៅបេះដូងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជាជាប់ជានិច្ច មិនអាចបំភ្លេចបានឡើយ។

(កោះកុង)៖ សង្គ្រាមក្នុងប្រវត្តិសាស្ត្រដេីម្បីរំដោះ និងការពារប្រទេសកុំឱ្យរបបប្រល័យពូជសាស្ត្រវិលមកវិញនោះ បានធ្វេីឱ្យយុទ្ធជនកម្ពុជាមិនតិចនោះឡេីយ បានពលីជីវិត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលេីកឡេីងថា វីរភាពរបស់យុទ្ធជនកម្ពុជា នៅតែដិតដាមក្នុងក្រអៅបេះដូងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជាជាប់ជានិច្ច មិនអាចបំភ្លេចបានឡើយ។

បេីតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឈរលេីស្មារតីដឹងគុណយុទ្ធជនពលីនេះហេីយ ទេីបមានការរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ជួសជុលទីលានផ្តូរយុទ្ធជន ខេត្តកោះកុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកម្មាភិបាលវីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ រហូតមានការរីកចម្រើនដល់សព្វថ្ងៃនេះ»

អតីតមេចលនាតស៊ូ ដើម្បីសិទ្ធិសេរីភាព និងជាយុវជនស្រែកឃ្លានសន្តិភាព សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា «ទោះបីជារយៈពេល៤២ឆ្នាំបានកន្លងផុតទៅហើយក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នានៅតែចងចាំជានិច្ច ហើយថែមទាំងដិតដាម ក្នុងក្រអៅបេះដូងរបស់យើងទាំងអស់គ្នាជានិច្ចជាកាល មិនអាចបំភ្លេចបានឡើយនូវវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានពុះពារដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ដើម្បីរួមគ្នាជាមួយឥស្សរ-ជនតស៊ូជាន់ខ្ពស់ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»

ក្នុងឱកាសនេះសម្តេចពិជ័យ បានលេីកផងដែរថាពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម សម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសពិធីបញ្ចុះបឋមសិលាសាងសង់ ជួសជុលទីលានផ្លូរយុទ្ធជន, អតីតយុទ្ធជនតស៊ូ សម្តេចពិជ័យសេនា ក៏បានរំឭកឡើងវិញព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ដែលបង្កការឈឺចាប់ខ្លោចផ្សាមិនអាចថ្លាថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល និយាយជារួម និយាយដោយឡែកប្រជាជននៅខេត្តកោះកុង បានបន្សល់ស្លាកស្នាមមិនទាន់រលុបអស់នៅឡើយមកដល់ពេលបច្ចុប្បន្ននេះ។ ជាច្រើនជំនាន់ ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបានសន្តិភាព ពេញលេញដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឱ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក។

ជាមួយគ្នាននេះដែរ រដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា នៅក្នុងដំណាក់កាលចុងក្រោយ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានការដាក់ចេញនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា តាមរយៈព្រឹត្តិការណ៍ទាំងអស់នេះ ទើបបន្សល់ទុកផ្នូរអតីតយុទ្ធជន ដែលក្រុមការងារបានខិតខំសាងសង់ជួសជុលទីលានផ្ទុរយុទ្ធជន ខេត្តកោះកុង ដែលជាការបង្ហាញពីភាពកត្តញ្ញូ ការដឹងគុណ និងការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ជ្រួតជ្រាប ទុកជាប្រវត្តិសាស្ត្រដែលមនុស្សជំនាន់មុនបានឆ្លងកាត់ទៅតាមដំណាក់កាលនីមួយៗ ធ្វើជាមេរៀនដ៏មានតម្លៃសម្រាប់កសាង និងការពារប្រទេសជាតិតទៅមុខទៀត។

បើតាមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការជាតិ និងជាប្រធានគណៈកម្មការសាងសង់ សពអតីតកម្មាភិបាល យុទ្ធជន ដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជន នៅក្នុងក្រុមខេមរភូមិន្ទ ខេត្តកោះកុង ទាំង៤៤៧សពនេះ ជាយុទ្ធជនមកពីបណ្តា ១៨រាជធានី-ខេត្ត ហេីយបានពលីជីវិតលេីសមរភូមិចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។

សពអតីតកម្មាភិបាល និងអតីតយុទ្ធទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤សព, ខេត្តកំពង់ស្ពឺ ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព, ខេត្តស្វាយរៀង ៧សព, ខេត្តកំពង់ចាម ៤សព, ខេត្តកំពង់ឆ្នាំង ៤សព, ខេត្តកែប ២សព, ខេត្តសៀមរាប ១សព, ខេត្តរតនគីរី ១សព, ខេត្តក្រចេះ ១សព, ខេត្តបាត់ដំបង ១សព និងខេត្តកំពង់ធំ ១សព៕

Leave a Reply