មេដឹកនាំអាស៊ាន ពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥

ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥

ឥណ្ឌូណេស៊ី ៖ ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ។

ក្នុងជំនួបជាមួយនិងតំណាងទាំងអស់ បានជជែកពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលវិស័យរបស់តំណាងអន្តរសភា តំណាងយុវជន និងផ្នែកឯកជនទូទាំងតំបន់អាស៊ាន ដែលកំពុងជួបប្រទះ។ ជាមួយគ្នានេះតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងអស់ រួមទាំងផ្នែកធុរកិច្ចអាស៊ាន បានដាក់ជូននូវរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូនប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យខ្លាំងក្លាជាងមុន។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើ នូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១ មេដឹកនាំអាស៊ាន បានអញ្ជើញធ្វើដំណើរតាមទូក កំសាន្តថ្ងៃលិចលើផ្ទៃសមុទ្រ នៃក្រុង Labuan Bajo ខេត្ត East Nusa Tenggara ។ មេដឹកនាំអាសាន បានសំដែងនូវភាពស្និទ្ធស្នាល រ៉ាក់ទាក់ចំពោះលទ្ធផលដែលសំរេចបានក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន។

បន្ទាប់មកនៅរាត្រីថ្ងៃទី១០ឧសភា ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ មានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo ខេត្ត East Nusa Tenggara។

នៅព្រឹកថ្ងៃទី១១ឧសភា មេដឹកនាំអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ នៅក្នុងកិច្ចប្រជុំកំពូលចង្អៀត មេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ។

មេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា» ។

មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញ នៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច ៕