ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ខ.អ.ស.)

នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ខ.អ.ស.) និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្តកំពង់ចាម និងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ កិច្ចប្រជុំមានការចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ អង្អការសមាគម និងមន្ត្រីពាក់ព័ន្ធមួយចំនួន

នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ខ.អ.ស.) និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្តកំពង់ចាម និងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ កិច្ចប្រជុំមានការចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ អង្អការសមាគម និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កម្ពុជាបានរៀបចំការបោះឆ្នោត នៅថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ជាច្រើនលើកកន្លងមក រួមទាំងការបោះឆ្នោត ជាបន្តបន្ទាប់ ។ នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត ប្រកបដោយមោទនភាពជាតិ ដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំង ឥស្សរជន នៃបណ្តាគណបក្សនយោបាយ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បី ភាពសុខក្សេមក្សាន្ត សម្បូររុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូរ របស់ពលរដ្ឋ ព្រមទាំង ការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវ សន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបានសន្តិសុខ សុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា ។ យកឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកដាស់តឿនបន្ថែមដល់ ប្រតិបត្តិករ របស់យើងថា ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិក្រមសីលធម៌ ត្រូវឲ្យស្របតាមច្បាប់ ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ។

ដោយឡែក បន្ថែមលើការណែនាំ របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) ក្នុងនាមគណបញ្ជាការឯកភាពសន្តិសុខអចិន្ត្រៃយ៍ខេត្ត សូមណែនាំបន្ថែមលើកិច្ចការងារសំខាន់ៗ មួយចំនួន ដូចខាងក្រោម ៖ ទី១.ប្រគល់តួនាទី ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទទួលខុសត្រូវដឹកនាំ ដោយផ្ទាល់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត ពិសេស ធានាឲ្យកិច្ច ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ឲ្យប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។ ទី២.កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្ស នយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

និងទី៣.សូមក្រើនរំឮក ដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ត្រូវលើកកំពស់ស្មារតីប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ជាពិសេស ក្នុងដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលជាដំណាក់កាលយ៉ាងសំខាន់ ដោយត្រូវសហការ ឲ្យបាន ល្អជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រធានការិយាល័យ បោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីម្ចាស់ការគ្រប់គ្រងសភាពការណ៍នៅតាមការិយាល័យបោះឆ្នោត នីមួយៗ ឲ្យបានល្អប្រសើរ ផងដែរ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សូមចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស សន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ដើម្បី ធ្វើឲ្យកិច្ចដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង សេរី ត្រឹមត្រូវយុត្តិធម៌ និងមានតម្លាភាព។