(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កៅស៊ូ គឺជាដំណាំអទិភាពសម្រាប់ខេត្តត្បូង ដោយក្នុងមួយឆ្នាំៗ ខេត្តនេះទទួលបានចំណូលពីដំណាំកៅស៊ូ មិនតិចជាង ១២០លានដុល្លារអាមេរិកនោះទេ។
ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ធ្វើឡើងក្នុង សន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តត្បូងឃ្មុំ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោកបានថ្លែងបន្តថា បច្ចុប្បន្ននេះ នៅខេត្តត្បូងឃ្មុំ មានផ្ទៃដាំដុះកៅស៊ូ ប្រមាណជាង៨ម៉ឺនហិកតា ក្នុងនោះដាំដុះជាលក្ខណៈក្រុមហ៊ុនមានប្រមាណជាង៣ម៉ឺនហិកតា និងដាំជាលក្ខណៈគ្រួសារមានជាង៥ម៉ឺន៥ពាន់ហិកតា និងទទួលបានទិន្នផលសរុបប្រមាណ ៨០ ៩៧៥ តោន ដោយផ្តល់ចំណូល ១២០,៥៥៤,៧១១លានដុល្លាអាមេរិក។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្ននេះ នៅខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនកែច្នៃកៅស៊ូ ចំនួន៥ក្រុមហ៊ុន បាននិងកំពុងកែច្នៃកៅស៊ូសម្រាប់នាំចេញ។
ដោយឡែកដំណាំដែលមានសក្តានុពលសម្រាប់ខេត្តនេះផ្សេងទៀតដូចជា ដំឡូងមី ស្វាយចន្ទី ពោតក្រហម ម្រេច ស្វាយកែវរមៀត ផ្តល់ចំណូលបានប្រមាណជាង ២៧០លានដុល្លារអាមេរិក។
ជាមួយគ្នានេះរដ្ឋបាលខេត្ត បានរៀបចំឱ្យមានរោងចក្រ និងសិប្បកម្ម កែច្នៃស្វាយចន្ទី ចំនួន២ទីតាំង ដោយក្នុងមួយឆ្នាំៗនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានជាង៣ពាន់តោន។
បើតាមអភិបាលខេត្តត្បូងឃ្មុំ ផ្ទៃដីដាំដុះដំឡូងមី មានប្រមាណជាង៥ម៉ឺន៣ពាន់ហិកតា ប្រមូលបាន ១,០២២,១៥២តោន, ស្វាយចន្ទី ដាំដុះលើផ្ទៃដី ៨ ៩៨៥ហិកតា ទទួលបានទិន្នផល ១១ ៦២៨តោន, ពោតក្រហម ដាំដុះលើផ្ទៃដី ១១ ២២៥ហិកតា ទទួលបានទិន្នផល ៦៥ ០៥១តោន, ម្រេចដាំដុះលើផ្ទដី ៣ ៣៧០ហិកតា ប្រមូលផលបាន ៨ ២២០តោន និងស្វាយកែវរមៀត ដាំដុះលើផ្ទៃដី ២ ៧២៥ ហិកតា ទទួលបានទិន្នផល ៤៥ ៧០០តោន៕






