ភ្នំពេញ៖ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ បង្ហាញថា វិស័យថាមពលអគ្គិសនី នៅឆ្នាំ២០២២ កន្លងទៅ បរិមាណថាមពលនៃប្រភពផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក ដែលមានប្រភពពីវារីអគ្គិសនី ពន្លឺព្រះអាទិត្យ ជីវៈម៉ាស់ ដុតប្រេង និងដុតធ្យូងថ្ម សម្រេចបានជាង ១៤ ១៣៣លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំ២០២១ ដែលមានជាង ៩ ២៥៥លានគីឡូវ៉ាត់ម៉ោង កើនឡើង ៥២,៧០%។
ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ថាមពលអគ្គិសនី តាមខ្នងផ្ទះរហូតដល់ឆ្នាំ២០២២នេះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើនដល់ប្រមាណ ៣,២៨លានខ្នងផ្ទះ ត្រូវជាប្រមាណ ៨៨,៤៤% នៃចំនួនផ្ទះសរុបប្រមាណ ៣,៧២លានខ្នងផ្ទះ និងគ្របដណ្តប់ដល់ភូមិប្រមាណ ១៣ ៩២៣ភូមិ ត្រូវជាប្រមាណ ៩៨,២៧% នៃភូមិសរុប នៅទូទាំងប្រទេស។