អ្នកនាំពាក្យគណបក្សប្រជាជន ឯកឧត្តម សុខ ឥសាន បានអះអាងថា ការដែលក្រុមប្រឆាំងក្រៅប្រទេសតែងព្យាយាមពឹងមជ្ឈដ្ឋានអន្តរជាតិដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាលគឺមិនមានប្រយោជន៍ និងឥទ្ធិពលឡើយ។
ឯកឧត្តម សុខ ឥសាន អះអាងបែបនេះ ក្រោយអតីតក្រុមមន្ត្រីបក្សប្រឆាំងនៅតែមានការលើកឡើងនូវបំណងចង់ឲ្យបក្សសង្គ្រោះជាតិដំណើរការឡើងវិញ តាមរយៈការអន្តរាគមន៍របស់អន្តរជាតិ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងដូច្នេះថា៖ «ប្រៀបបានដូចជាខ្មោចដែលងាប់រយៈពេល ៥ ឆ្នាំ ទៅហើយ គឺមិនអាចរស់ឡើងវិញបានឡើយ»។ ត្រង់ន័យនេះ ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ការចង់ឲ្យអតីតបក្សសង្គ្រោះជាតិដំណើរការឡើងវិញ គឺគ្រាន់តែជាការស្រមោលស្រមៃរបស់អ្នកនយោបាយក្រុមប្រឆាំងប៉ុណ្ណោះ។
ឯកឧត្តមបានបន្ថែមថា ការរំពឹងអំពីការជួយរបស់មជ្ឈដ្ឋានអន្តរជាតិមួយចំនួនក្នុងការដាក់សម្ពាធមកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល គឺមិនអាចទៅរួចទេ ហើយលោកក៏បានចោទជាសំណួរថា «តើការប្រើឥទ្ធិពលអន្តរជាតិ នៅពេលកន្លងមកទទួលបានផលប្រយោជន៍បែបណាដែរ?»។
អ្នកនាំពាក្យរូបនេះក៏បានណែនាំដល់ក្រុមអតីតបក្សប្រឆាំងថា បើនៅតែធ្វើនយោបាយបែបនេះ ដោយមិនចេះដកស្រង់ បទពិសោធន៍ ក៏ដូចជាសិក្សាអំពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនទេ គឺជីវិតនយោបាយរបស់អ្នកទាំងនោះបានតែប៉ុនហ្នឹង មិនអាចឈានឆ្ពោះទៅរកភាពជោគជ័យបានឡើយ៕