(ត្បូងឃ្មុ): នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ សមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ចំនួន២២១គ្រួសារ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរជានិច្ច ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក មានជីវភាពខ្វះខាត ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនមានពិការភាព ពិសេសគឺប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានចូលរួមសោកស្តាយ ចំពោះប្រជាពលរដ្ឋដែលទទួលរងនូវការខូចខាតលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងៗ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទាំង២២១គ្រួសារ នាពេលនេះផងដែរ។ ហើយអំណោយដែលបានផ្តល់ជូននាពេលនេះ ជាអំណោយមនុស្សធម៌ មានចំនួនតិចតួចក៏ពិតមែន តែក៏អាចជួយដោះស្រាយជីវភាពរបស់បងប្អូនមួយរយៈផងដែរ នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់សម្តេចប្រធានកាកបាទក្រហម និងសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល មកលើប្រជាពលរដ្ឋរបស់យើង។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាខាកាកបាទក្រហមខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ម្យ៉ាងវិញទៀត យើងត្រូវបន្តគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ព្រោះថាមានតែសម្ដេចតេជោ មួយតែប៉ុណ្ណោះដែល នៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា បន្តអភិវឌ្ឍន៍ប្រទេសជាតិយើងជារៀងរហូត ។
បើតាម លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចំពោះអំណោយដែលប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់រងគ្រោះស្រាលចំនួន ២០៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក១៨គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរ ក្នុង១គ្រួសារៗ ទទួលបាន : អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី ១កេស និងថវិកា ៥០ម៉ឺនរៀល។
គួររំលឹកថាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានកើតគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន កុដិព្រះសង្ឃ និងទ្រព្យសម្បត្តិពលរដ្ឋ ចំនួន២២១គ្រួសារ មកពីឃុំចំនួន៣ គឺឃុំចុងជាច ឃុំនាងទើត និងឃុំទឹកជ្រៅ ៕