រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តប្រោសព្រំសិរីសួស្តី ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង សំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ

រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត សុំសិរីសួស្តី ដើម្បីត្រៀមទទួលទេវតា និងបន្តជួបសំណេះសំណាលជាមួយមន្រ្តីរាជការចំណុះអោយសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដើម្បីបណ្តេញគ្រោះចង្រៃនៅឆ្នាំចាស់ និងលើករាសី សម្រាប់ឆ្នាំថ្មី នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំធំ(សាលប្រជុំ គ)សាលាខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត សុំសិរីសួស្តី ដើម្បីត្រៀមទទួលទេវតា និងបន្តជួបសំណេះសំណាលជាមួយមន្រ្តីរាជការចំណុះអោយសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដើម្បីបណ្តេញគ្រោះចង្រៃនៅឆ្នាំចាស់ និងលើករាសី សម្រាប់ឆ្នាំថ្មី នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំធំ(សាលប្រជុំ គ)សាលាខេត្តត្បូងឃ្មុំ។

ពិធីនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តចម្រើន ព្រះបរឹត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់ជីដូនជីតា ញាតិកាទាំង ៧សន្តាន បុព្វបុព្វបុរស ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងធ្វើការបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម កិមិរាទេវី ដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទូទាំងខេត្តត្បូងឃ្មុំទាំងមូល សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

តមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការចំណុះអោយសាលាខេត្តត្បូងឃ្មុំ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

ក្នុងពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សាលាខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ (សាលប្រជុំ គ) សាលាខេត្តត្បូងឃ្មុំ ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារ ដោយបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម រយៈពេលពេញ ១ឆ្នាំកន្លងមក។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តថា «ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យ កំណើនសេដ្ឋ កិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានខិតខំថែរក្សា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន នូវសុខសន្តិភាព សំដៅធ្វើយ៉ាងណាជំរុញល្បឿន នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៏បានចែកប័ណ្ណប្រេងសាំង និងថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឲ្យសាលាខេត្តត្បូងឃ្មុំ ជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារកន្លងមកផងដែរ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំជាច្រើន និងមន្ត្រីរាជការ បានអញ្ជើញទស្សនាការសម្តែងនូវរបាំត្រុដិ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅសាលាខេត្តត្បូងឃ្មុំ ដើម្បីបណ្តេញចេញនូវរឿងរ៉ាវ មិនល្អក្នុងឆ្នាំចាស់ ហើយនាំជំនួសមកវិញនូវជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមឲ្យប្រជាពលរដ្ឋក្នុងខេត្តត្បុងឃ្មុំទាំងមូល មានក្តីសុខក្សេមក្សាន្តគ្រប់ក្រុមគ្រួសារ៕