លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានបញ្ជាក់នៅក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះថា ចេកជាដំណាំដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ខេត្តរតនគិរី។ ខណៈដំណាំចេកមានការវិនិយោគដាំដុះលើផ្ទៃដីរាប់ពាន់ហិកតា ក្នុងឆ្នាំ ២០២២ ខេត្តរតនគិរីបាននាំចេញចេកទៅប្រទេសវៀតណាមបានជាង ១៣ ម៉ឺនតោន ហើយបើគិតជាមធ្យមក្នុងមួយថ្ងៃការនាំចេញមានជាង ៤០ តោន។លោកអភិបាលខេត្តបានបន្តថា វិស័យកសិកម្មជាវិស័យអាទិភាពក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ពលរដ្ឋជាង ៨២ ភាគរយប្រកបរបរធ្វើកសិកម្មជាចម្បង ខណៈសេវាកម្មមានជាង ១៧ ភាគរយ សេវាកម្ម និងផ្នែកឧស្សាហកម្មមានតែជាង ១% ប៉ុណ្ណោះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ចេកជាដំណាំដ៏មានសក្តានុពលដែលកំពុងមានការវិនិយោគដាំដុះលើផ្ទៃដីរាប់ពាន់ហិកតានៅក្នុងខេត្ត។
ក្រៅពីដំណាំចេក ខេត្តរតនគិរីក៏មានដាំដុះដំណាំកសិកម្មសំខាន់ៗក្នុងនោះស្រូវមានចំនួន ៣០ ៨៤៤ ហិកតា ស្វាយចន្ទីមានចំនួន ៦១ ៥៤៨ ហិកតា កៅស៊ូមានចំនួន ៦៦ ៦៧០ និងដំឡូងមីមានចំនួន ១៥ ៦៣២ ហិកតា។
ខេត្តរតនគិរីមានក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបមានចំនួន ២៧ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ ក្រុមហ៊ុន៕