ខេត្តរតនគិរីបោះបង្គោលព្រំដែនជាមួយឡាវរួចរាល់១០០ភាគរយ ខណៈជាមួយវៀតណាមនៅសល់ខ្លះ

លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ការងារបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី គឺបានបោះបង្គោលព្រំដែនរួចរាល់១០០ភាគរយហើយ។ លោកអភិបាលខេត្តបានឱ្យដឹងដែរថា ស្របពេលដែលកម្ពុជា-ឡាវ បានបោះបង្គោលព្រំដែនរួចរាល់ ភាគីទាំងពីរក៏មានគម្រោងបើកច្រកព្រំដែនជាមួយគ្នាផងដែរ។ លោកញ៉ែម សំអឿន បញ្ជាក់ថា បច្ចុប្បន្ននេះទាំងភាគីកម្ពុជា និងភាគីឡាវកំពុងសិក្សាពីទីតាំងភូមិសាស្រ្តក្នុងការបើកច្រកព្រំដែនជាមួយគ្

លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ការងារបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី គឺបានបោះបង្គោលព្រំដែនរួចរាល់១០០ភាគរយហើយ។ លោកអភិបាលខេត្តបានឱ្យដឹងដែរថា ស្របពេលដែលកម្ពុជា-ឡាវ បានបោះបង្គោលព្រំដែនរួចរាល់ ភាគីទាំងពីរក៏មានគម្រោងបើកច្រកព្រំដែនជាមួយគ្នាផងដែរ។ លោកញ៉ែម សំអឿន បញ្ជាក់ថា បច្ចុប្បន្ននេះទាំងភាគីកម្ពុជា និងភាគីឡាវកំពុងសិក្សាពីទីតាំងភូមិសាស្រ្តក្នុងការបើកច្រកព្រំដែនជាមួយគ្នា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតនគីរី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ លោកញ៉ែម សំអឿន បានលើកឡើងដែរថា ចំពោះការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមវិញ គឺបានបោះរួចខ្លះហើយពីកន្ទុយនាគរហូតដល់បង្គោលលេខ៣០ នៅច្រកអូយ៉ាដាវ ខណៈពីបង្គោលលេខ៣១ ទៅដល់បង្គោលលេខ៤០នៅមិនទាន់បានបោះបង្គោលព្រំដែននៅឡើយទេ។ លោកអភិបាលខេត្តរតនគិរី ក៏បានបញ្ជាក់ដែរថា សព្វថ្ងៃនេះបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម គឺមិនមានបញ្ហាកើតឡើងនោះទេ។

សូមជម្រាបថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ៥៨៨ គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រវែង ២១០គីឡូម៉ែត្រ រីឯខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រវែង ១៦៥គីឡូម៉ែត្រ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី៕