ខេត្ត​រតនគិរី​បម្រុងដី​​ជាង ១៤០០ ហិកតា នៅ​ទីតាំងថ្មី​​សាងសង់ព្រលាន​​យន្តហោះ

ខេត្ត​​រតនគិរី​បាន​បម្រុង​ដី​ជាង ១៤០០ ហិកតានៅ​ស្រុក​លំផាត់ ហើយ​អំពាវនាវ​​ស្វែងរក​ដៃគូ​វិនិយោគសាងសង់ព្រលាន​​ ដើម្បីជំរុញការ​អភិវឌ្ឍ​ក្នុង​ខេត្

ខេត្ត​​រតនគិរី​បាន​បម្រុង​ដី​ជាង ១៤០០ ហិកតានៅ​ស្រុក​លំផាត់ ហើយ​អំពាវនាវ​​ស្វែងរក​ដៃគូ​វិនិយោគសាងសង់ព្រលាន​​ ដើម្បីជំរុញការ​អភិវឌ្ឍ​ក្នុង​ខេត្ត។

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគីរី​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នៅព្រឹកនេះ​ថា ក្នុង​ចំណោម​វិស័យ​សក្តានុពល​ផ្សេងៗ វិស័យ​ទេសចរណ៍​​ជា​មុខព្រួញដែលខេត្ត​យកចិត្តទុកដាក់ខ្លាំង។

សក្តានុពល​របស់​ខេត្តរតនគីរី​​មាន ៣ គឺ​ទេសចរណ៍ ធនធានរ៉េ និង​កសិឧស្សាហកម្ម។ ​វិស័យ​ទេសចរណ៍ខេត្ត​រតនគិរី​បាន​ខិតខំ​ ហើយក៏កំពុង​ជំរុញ​ដៃគូ​​វិនិយោគ​លើ​ការ​សាងសង់​ព្រលាន​យន្តហោះ​ដើម្បី​ជំរុញ​កំណើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត។

លោក​បន្ត​ថា ​​អាជ្ញាធរ​ខេត្ត​​​បានបម្រុង​ផ្ទៃដី​ជាង ១៤០០ ហិកតានៅស្រុក​លំផាត់ សម្រាប់គម្រោង​​​វិនិយោគជា​​ព្រលាន​​នៅ​ពេល​ខាង​មុខ​។

លោក ​ញ៉ែម សំអឿន​ បាន​បញ្ជាក់​ថា ក្នុង​ពេល​ជួប​ជាមួយ​អ្នក​វិនិយោគ​បរទេស​ម្តងៗ គេ​តែងតែ​សួរ​ថា តើ​ខេត្ត​រតនគីរី​មាន​​ព្រលាន​យន្តហោះ​ហើយ​ឬ​នៅ?​ បើ​តាមលោកអភិបាល​ខេត្ត រដ្ឋបាល​ខេត្ត​​អំពាវនាវនាវ​រកដៃគូ​វិនិយោគ​សាងសង់​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត។

»ដី​ជាង ១៤០០ ហិកតា ​ខេត្ត​បម្រុង​ទុកនៅ​ស្រុកលំផាត់​ដើម្បីស្វែង​រកដៃគូ​វិនិយោគសាងសង់​ជា​ព្រលាន​ ខណៈ​ដែល​ព្រលាន​ចាស់​ក្នុង​ក្រុងមិន​អាច​ច្រើប្រាស់បានទៀត​ទេ ដោយសារ​វា​កៀកទីប្រជុំជន ហើយ​អាជ្ញាធរ​គ្រោង​នឹងកែប្រែជា​សួន​ដ៏​ធំ​មួយ​នៅ​ពេល​ខាងមុខ»។

ខេត្តរតនគីរី​មាន​ព្រលានយន្តហោះតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ហើយព្រលានយន្តហោះនោះ​បាន​ដំណើរការរហូតដល់ឆ្នាំ ២០០៦ ទើបត្រូវបានផ្អាកដំណើរការទាំងស្រុង។

អាកាសយានដ្ឋានរតនគិរី បច្ចុប្បន្ន​នេះ​ពុំមានសំណង់ហេដ្ឋារចនាសម្ព័ន្ធអ្វីធំដុំទេ។ បរិវេណព្រលានយន្តហោះនេះមានផ្លូវសម្រាប់យន្តហោះរត់ឡើង-ចុះ ប្រវែងជាង ៣ គីឡូម៉ែត្រ​ហើយ​ផ្លូវយន្តហោះចុះឡើងជាដីក្រួសក្រហម៕