ទូតអូស្រ្តាលី វាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ រីកចម្រើន របស់ប្រទេសកម្ពុជា

ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ។

ឯកឧត្តម ចាស្ទីន មានប្រសាសន៍បែបនេះ ខណៈសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសវនាការ និងសម្តែងការគួសម នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ រដ្ឋាភិបាលអូស្រ្តាលី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា។ ជាមួយគ្នានោះ សម្តេចក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជា រួមមាន៖ ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អភិបាលកិច្ច អប់រំ សុខាភិបាល ។ ការផ្តល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត បណ្ឌិត សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជា ទៅសិក្សានៅប្រទេសអូស្រ្តាលី។ ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដំណើរការស្តារសង្គម-សេដ្ឋកិច្ច ឡើងវិញពីវិបតិ្តកូវីដ-១៩ ។

សម្តេចប្រធានព្រឹទ្ធសភា បន្តថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអូស្រ្តាលីមានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នា ដោយបានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងគាំទ្រគ្នានៅក្នុងក្របខ័ណ្ឌអន្តរសភា។ ជាមួយគ្នានោះព្រឹទ្ធសភាកម្ពុជា ក៏បានបង្កើត ក្រុមមិត្តភាពជាមួយសភាអូស្រ្តាលីផងដែរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត មានជំនឿថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរៈកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាសភាអូស្រ្តាលី ដែលបានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងវគ្គបណ្តុះបណ្តាលកិច្ចការសភាដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងមន្ត្រីសភាកម្ពុជា នៅប្រទេសអូស្ត្រាលី ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានស្នើឲ្យជួយជំរុញព្រឹទ្ធភាអូស្រ្តាលីដើម្បីបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាលើកិច្ចការសភានៅព្រឹទ្ធសភាអូស្រ្តាលី ៕