សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនយកថ្លៃផ្សព្វផ្សាយ នូវការផ្សាយបន្តផ្ទាល់ចេញទៅក្រៅប្រទេស អំពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះឡើយ។ ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរឲ្យដឹង នៅលើទំព័រហ្វេសប៊ុករបស់លោកថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចមិនយកថ្លៃចូលទស្សនាការប្រកួតនិងការផ្សព្វផ្សាយ នៃការប្រកួតចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ នូវផ្សាយបន្តផ្ទាល់»។