(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបិទជំរំរបស់យុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «បេះដូងយុវជនឌីជីថល ក្នុងយុគ្គសម័យតេជោសន្តិភាព» បន្ទាប់ពីការបោះជំរំនេះ មានរយៈពេល៧ថ្ងៃ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ជួន ណាត ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ការបោះជំរំយុវជនខេត្តកំពង់ចាមនេះ មានប្រតិភូយុវជនមកពី វិទ្យាល័យនានា នៅតាមបណ្តាក្រុង/ស្រុកទាំង ១០ ទូទាំងខេត្តកំពង់ចាម និងលោក លោកស្រី ជាថ្នាក់ដឹកនាំប្រតិភូយុវជន និងគណៈកម្មការរៀបចំជំរំ សរុបប្រមាណ ៦០០ នាក់។
ការបោះជំរំនេះ ប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ សមាជិកជំរំត្រូវបានបែងចែកជា ៦ សាខា ក្នុង១សាខាមាន ៦អនុសាខា និង១អនុសាខា មានសមាជិក ១៨នាក់ និងសាខានីមួយៗ មានសមាសភាពចម្រុះក្រុង/ស្រុក និងវិទ្យាល័យ ហើយត្រូវស្នាក់នៅក្នុងតង់រួមគ្នា ចំអិនអាហារខ្លួនឯងតាមក្រុមនីមួយៗ និងរស់នៅធើ្វសកម្មភាពជាក្រុម។
លោកប្រធានមន្ទីរអប់រំ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃដំបូងនៃពិធីបើកជំរំ ក្មួយៗយុវជនទាំងអស់ បានចូលរួមសកម្មភាពយ៉ាងសកម្ម តាមកម្មវិធី និងខ្លឹមសារសកម្មភាព ដែលបានគ្រោងទុក និងទទួលបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ។
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ជាមោទនភាពដ៏ថ្លៃថ្លាបំផុតសម្រាប់ខេត្ត ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំការបោះជំរំយុវជននេះឡើង ក៏ដូចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ខេត្តរបស់យើងផងដែរ។
លោកថា ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្ដីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជន។
លោកអភិបាលខេត្តបន្តថា ជាការពិតណាស់ ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តនិរន្តរភាពនៃបុព្វហេតុជាតិនេះជារៀងរហូត។
ដើម្បីសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះ ការងារអប់រំ និងការបណ្ដុះបណ្ដាល ពិសេស ការកសាងធនធានយុវជនប្រកបដោយថាមពល ផ្លូវកាយ ផ្លូវប្រាជ្ញា និងស្មារតីពោរពេញ ទៅដោយចំណេះដឹង ចំណេះធ្វើ ជំនាញដែលជាកត្តាកំណត់ នៃការប្រែក្លាយរាល់សក្ដានុពលភាព សេដ្ឋកិច្ច ជាកិច្ចការសំខាន់បំផុត ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជារបស់រាជរដ្ឋាភិបាល៕