សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពិភពលោក នឹងរិះរកវិធីសាស្រ្ដគ្រប់គ្រងការធ្លាក់ចុះសេដ្ឋកិច្ចសកល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បណ្ដាប្រទេសនានា នៅលើពិភពលោក នឹងរិះរកវិធីសាស្រ្ដដើម្បីគ្រប់គ្រងបញ្ហា នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បណ្ដាប្រទេសនានា នៅលើពិភពលោក នឹងរិះរកវិធីសាស្រ្ដដើម្បីគ្រប់គ្រងបញ្ហា នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ៣០ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក បានព្រមានជាបន្តបន្ទាប់អំពីការធ្លាក់ចុះសេដ្ឋកិច្ចសកល ហើយការព្រមាននោះ ក្លាយទៅជាចិត្តសាស្រ្ដមួយដែរ ដែលនាំឲ្យប្រជាពលរដ្ឋនាំគ្នាទៅដកលុយចេញពីធនាគារច្រើន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «IMF ក៏ដូចជាធនាគារពិភពលោក បានចេញមកព្រមានអំពីហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ម្ដងហើយ ម្ដងទៀត ដែលខ្ញុំគិតថា ការព្រមាននោះ គឺវាជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះ ក្លាយទៅជាចិត្តសាស្រ្ដមួយដែរ សម្រាប់ប្រទេស ជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋ ដែលទៅដកលុយ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា​ ធនាគារអាមេរិកមួយចំនួន បានដួលរលំ ហើយមួយចំនួនទៀត​ មានសញ្ញាអំពីការដែលប្រជាពលរដ្ឋត្រូវទៅដកលុយច្រើន ដែលអាចនាំឲ្យធនាគារនោះរលំទៀត។

បើតាមសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជា មិនមានបញ្ហាដួលរលំធនាគារនោះឡើយ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹ​ម​ថា ពិភពលោក នឹងរិះរកគ្រប់វិធីសាស្រ្ដគ្រប់គ្រង នៃបញ្ហាសេដ្ឋកិច្ចចំពោះមុខនេះ ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត៕