គិតត្រឹមថ្ងៃទី ២៨ ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០ភាគរយហើយ។
តាមផែនការដែលបានគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិនេះ នឹងដាក់ឱ្យដំណើរការសាកល្បងនៅខែ ឧសភាខាងមុខ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយ លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងបានចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោង នៅថ្ងៃទី២៨ ខែមីនា នេះផងដែរ។
សូមបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ តាមទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ។
ទន្ទឹមនឹងការសម្រេចបានសមិទ្ធផលដ៏ធំធេងនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ ក៏នឹងមានអគ្គិសនីប្រើប្រាស់ព្រោងព្រាតចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះផងដែរ៕