កំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានកាបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុកទាំង១០ ប្រធានករិយាល័យភូមិបាលក្រុង ស្រុកទាំង១០ ប្រធានក្រុមវាល មេឃុំ ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៌បន្តថា ការងារដីធ្លីគឺជាការងារសំខាន់បំផុតដែលកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល។ហើយឆ្នាំ២០២៣នេះជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤េរបស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៦របស់រដ្ឋសភា។
ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោមទី១៖ លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ទូទាំងខេត្ត ពិនិត្យជារួមកន្លងមកសង្កេតឃើញថា ការងារនេះហាក់មានសន្ទុះខ្លាំងក្លា មានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋដែលបង្កលក្ខណៈឲ្យកិច្ចការងារនេះដំណើរការទៅដោយរលូន និងឈានតាមផែនការដែលបានកំណត់។យោងតាមបទពិសោធន៍ល្អៗកន្លងមក លោកបានស្នើឲ្យមន្រ្តីដែលបានចូលរួមអនុវត្តនូវការងារនេះ បន្តស្នាដៃឲ្យបានសម្រេចនៅផែនការដែលបានដាក់ចុះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្ដុំប្រជាពលរដ្ឋអោយមានជំនឿ និងចូលរួមក្នុងសកម្មភាពការងារអោយបានខ្លាំងក្លា។ ទី២អភិបាលនៃគណៈអភិបាលស្រុកត្រូវបង្កលក្ខណៈដល់មន្ត្រីដែលអនុវត្តបានទៅបំពេញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ទី៣៖ អភិបាលនៃគណៈអភិបាលស្រុក ត្រូវសហការណ៍ជាមួយលោកមេឃុំ ប្រធានវាលដើម្បីជ្រើសរើស យកឃុំ ដែលមានលក្ខណៈងាយស្រួល និងមានទីផ្សាដីធ្លី អនុវត្តមុនដើម្បីប្រមូលទិន្នន័យបានលឿន និងចេញប័ណ្ណបានច្រើន ម្យ៉ាងទៀតបើតំបន់នោះមានទីផ្សាដីធ្លី យើងអាចប្រមូលពន្ធពីការលក់ទិញ ចូលថវិកាជាតិ។ទី៤៖ អភិបាលនៃគណៈអភិបាលស្រុកត្រូវពិនិត្យតាមដាន ការងាររបស់មន្ត្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយសហការណ៍ជាមួយ ចូលរួមដោះស្រាយអោយទាន់ពេលវេលា នៅពេលមានបញ្ហាកើតឡើងក្នុងតំបន់វិនិច្ឆ័យ។ទី៥៖ មន្ទីរ អង្គភាពពាក់ព័ន្ធនានាត្រូវចូលរួមកំណត់ព្រំប្រទល់ឲ្យបានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹកប្រឡាយ បឹង ឡូត៍នេសាទ។ល។ទី៦៖ លោកមេឃុំត្រូវជំរុញអោយលោកមេភូមិ អនុភូមិ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិជួយប្រមូលប្រជាពលរដ្ឋ មកចូលរួមកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ។
ទី៧៖ ការងារដោះស្រាយវិវាទដីធ្លី បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តកំពង់ចាម យើងសូមអោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទនេះអោយមានការថយចុះ ជាលំដាប់ ។ដូចនេះទំនាស់ដែលនៅសេសសល់ទាំងប៉ុន្មាន នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ ស្នើសុំអោយគណៈកម្មការរដ្ឋបាលពន្លឿនការងារ ដោះស្រាយអោយបានឆាប់ ដើម្បីបូកសរុបរបាយការណ៍រដ្ឋបាល សម្រាប់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរ ការងារដោះស្រាយវិវាទនេះដោយយកតាមរយៈយន្តការដោះស្រាយវិវាទដីធ្លីដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម ។
ទី៨៖ ការងារបម្រើសេវាសាធារណៈអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្តកំពង់ចាម ការពង្រឹងការអនុវត្តនូវតារាងកម្រៃសេវា និងរយៈពេលនិមួយៗ ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ត្រូវបានលើកកំពស់តាមរយៈការពង្រឹងការផ្តល់សេវាតាមដែលបានកំណត់ រួមទាំងការពង្រឹងវិន័យការងារចំពោះមន្ត្រីសាធារណៈ សំដៅរួមគ្នាលើកកំពស់ប្រសិទ្ធិភាព គណនេយ្យភាព តម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ទី៩៖ ត្រូវបង្កើនសាមគ្គីផ្ទៃក្នុងអង្គភាព ត្រូវលើកកំពស់យុត្តិធម៌ និងសមធម៌ ដោយមិនមានការរើសអើង ការប្រកាន់បក្ខពួក ឋានៈនិងនិន្នាការនយោបាយ៕