រសៀលថ្ងៃច័ន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ១៣:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម… ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងប្រទេស និងប្រជាជនយើងទាំងពីរ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះ អោយស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត…។