ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ពិនិត្យ ព្យាបាលជំងឺទូទៅ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។