ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យសាសនានៅក្នុងខេត្តត្បូងឃ្មុំ មានរីកចម្រើន ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះវិរិយធរោ សោម យ៉ន ព្រះចៅអធិការវត្តសុវណ្ណគីរីរតនមុនីតាប៉ាវ(ពងទឹក) ស្ថិតក្នុងភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
ក្នុងពិធីនេះមានការយាងនិមន្តអញ្ជើញចូលរួមពីសំណាក់ មន្រ្តីសង្ឃខេត្ត អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្រ្តីរាជការគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសព្រះពុទ្ធសាសនានេះហើយ សូម្បីតែសាសនាផ្សេងៗ ក៏មានការរីកចម្រើនផងដែរ ទាំងនេះដោយសារមានឯកភាពសាសនា និងឯកភាពជាតិខ្មែរ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា បើយើងមានសុខសន្តិភាពហើយនោះ ខឿនសេដ្ឋកិច្ចជាតិនឹងកើនឡើង មានការអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមគោលនយោបាយឈ្នះឈ្នះនៃយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់មកយ៉ាងច្បាស់ថា នៅក្នុង២០៣០ខាងមុខនេះ ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសអ្នកមាន ប៉ុន្តែលុះត្រាណាត្រូវតែមានសុខសន្តិភាពដូចបច្ចុប្បន្ននេះរហូតទៅ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា បច្ចុប្បន្នវិស័យសាសនានៅក្នុងខេត្តត្បូងឃ្មុំ ដែលមានរីកចម្រើនយ៉ាងដូចនេះ ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។
ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តបោះឆ្នោតគាំទ្រជូនរាជរដ្ឋភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ ។
ចប់ប្រសាសន៍សំណេះសំណាល គណៈអធិបតី អញ្ជើញប្រគេនស៊ីម៉ងត៍ចំនួន ២០តោនដើម្បីចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្តសុវណ្ណគីរីរតនមុនីតាប៉ាវ(ពងទឹក) ជូនថវិការដល់យាយជីតាជីក្នុងម្នាក់ៗ ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ម្នាក់ៗ ២ម៉ឺនរៀល គ្រូពេទ្យម្នាក់ៗ២ម៉ឺនរៀល សិស្សានុសិស្ស ម្នាក់ៗ១ម៉ឺនរៀលផងដែរ ៕