(ភ្នំពេញ)៖ រយៈពេល២ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរយៈពេល២ខែ ឆ្នាំ២០២៣ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣០៧,២៩៦ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញរយៈពេល២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន១០,១៨១តោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១,៣៦១ម៉ែត្រគូប។
បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ១,៣៤៩ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២៣៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
គូសបញ្ជាក់ថា ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ៕