អ្នកនាំពាក្យ ៖ ការចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នឹងចាប់ផ្ដើមនៅដើមខែមេសា  

មន្ត្រីនាំពាក្យ​ គ.ជ.ប បានឲ្យដឹងថា ដំណើរការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ នឹងត្រូវចាប់ផ្ដើមនៅដើមខែមេសា ខាងមុខនេះ

មន្ត្រីនាំពាក្យ​ គ.ជ.ប បានឲ្យដឹងថា ដំណើរការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ នឹងត្រូវចាប់ផ្ដើមនៅដើមខែមេសា ខាងមុខនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី ១០ ខែមីនានេះថា សម្រាប់អ្នកសារព័ត៌មានជាតិ អាចស្នើសុំដាក់ពាក្យចុះឈ្មោះចូលរួមយកព័ត៌មាន អំពីដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ចាប់ផ្តើ​ម​ពី​ថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ រីឯអ្នកសារព័ត៌មានអន្តរជាតិវិញ អាចស្នើសុំដាក់ពាក្យចុះឈ្មោះ ចាប់​ផ្តើ​​​ម​ពី​ថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតំាង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។ សម្រាប់ការយកព័ត៌មានអំពីដំណើរការបោះឆ្នោតជ្រើសតាំង តំណា​ងរាស្រ្ត នីតិកាលទី ​៧នេះ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែល​ចេញដោ​យ ​គ.ជ.ប។ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដោយផ្ទាល់នៅ គ.ជ.ប។

ដោយឡែក កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ក៏នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ដែរ ហើយនិងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកការដាក់ និងការទទួលពាក្យ​សុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕

Leave a Reply