ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោកស្រី ទ្រី ដាណា នៅពេលថ្មីៗនេះ បានចោទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បង្កការលំបាកដល់ខ្លួន ក្នុងការរៀបចំបង្ហាញឈុតសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។
ប្រតិកម្មនេះ ក៏ត្រូវបានមន្ត្រីក្រសួងវប្បធម៌បំភ្លឺតបវិញថា ក្រសួងមិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើបំណងនោះឡើយ។ តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។ ក្រសួងបានបញ្ជាក់ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួល។