ចំនួនស្រ្តីជាមន្រ្តីរាជការនៅខេត្តកោះកុង កើនឡើងគួរឱ្យកត់សម្គាល់

ចំនួនស្រ្តីរាប់ចាប់ពីអភិបាលខេត្តរហូតដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តកោះកុង បានកើនឡើងគួរឱ្យកត់​សម្គាល់ គ្រាមានការយកចិត្តទុកខ្ពស់ផ្នែកវិស័យយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា

ចំនួនស្រ្តីរាប់ចាប់ពីអភិបាលខេត្តរហូតដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តកោះកុង បានកើនឡើងគួរឱ្យកត់​សម្គាល់ គ្រាមានការយកចិត្តទុកខ្ពស់ផ្នែកវិស័យយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃ៣ មិថុនា កន្លងទៅថ្មីៗនេះថា ស្ទុះនៃចំនួនស្រី្តកំពុងបម្រើការងារក្នុងអង្គភាព មន្ទីរ ស្ថាប័នរដ្ឋ ត្រូវបានមើលឃើញថា កើតឡើងជិត១០០នាក់ហើយ បើរាប់ចាប់តាំងអភិបាលខេត្តរហូតដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់់។

លោកស្រី សុខ សុធាវី បានវាយតម្លៃដែរថា ទន្ទឹមនឹងកំណើនស្រ្តីបម្រើការងារក្នុងជួរមន្រ្តីរាជការនេះ ពួកគាត់សុទ្ធតែមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងចូលដោះស្រាយបញ្ហាផ្សេងក្នុងសង្គមមូលដ្ឋានបានយ៉ាងប្រសិទ្ធិភាព។ តែទោះយ៉ាងណា រាជរដ្ឋាភិបាលនៅតែបន្តការផ្តល់ការលើកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមទៀតលើវិស័យជំនាញ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តចតុកោណវិស័យយេនឌ័រ។

បច្ចុប្បន្នមន្ទីរកិច្ចការនារីខេត្ត បាននឹងកំពុងជំរុញផ្សព្វផ្សាយអំពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ជាមួយមន្ត្រីបង្គោលយេនឌ័។ បណ្តុះបណ្តាលស្តីពី កិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។ ផ្សព្វផ្សាយច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការចំណាកស្រុក និងការជួញដូរមនុស្ស។ វគ្គពង្រឹងសមត្ថភាពស្តីពី ការអនុវត្ត តួនាទី ភារកិច្ច ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ទាំង ២៩ឃុំ/សង្កាត់ ជាដើម។

ក្នុងពិធីអបអរសាទរខួបលើកទិ១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» កន្លងទៅ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានលើកចិត្តដល់ស្រ្តីគ្រប់ៗគ្នាក្នុងខេត្តចូលរួមអប់រំណែនាំដល់កូនៗ ពិសេសយុវជនឱ្យយល់ពីតម្លៃសុខសន្តិភាព និងជឿជាក់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។

លោកជំទាវអភិបាលខេត្ត យល់ថា តម្លៃសុខសន្តិភាពជាវត្ថុដែលមិនអាចកាត់ថ្លៃបានឡើយសម្រាប់ដំណើរការអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន ដូច្នេះស្នើដល់ស្រ្តីជាមន្រ្តីរាជការ ស្រ្តីមេផ្ទះ និងស្រ្តីជាអាជីវករ មេត្តាធ្វើយ៉ាងណាពន្យល់ផ្សព្វផ្សាយឱ្យបានគត់មុតដល់កូនៗ និងយុវជន បានជ្រួលជ្រាប។

លោកជំទាវ មិថុនា ភូថង បន្តស្នើដល់ស្រ្តីទាំងឡាយបង្កើនការយល់ដឹងឱ្យច្រើនតាមតែអាចធ្វើទៅនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលសម្រួលដោះស្រាយបញ្ហាការងារ ឬការប្រកបអាជីវកម្មបានទាន់ពេលវេលា៕

Leave a Reply