ក្នុងនាមគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមរបស់តុលាការដែលបានផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទ “សន្និដ្ឋិភាពជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស” ដែលត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
សេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោស២៧ឆ្នាំ និងទោសបន្ថែមមួយចំនួនក្នុងបទ “សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ” លើជនជាប់ចោទ កឹម សុខា ដែលធ្វើឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ – នេះគឺជាការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គមនិងពង្រឹងអធិបតេយ្យជាតិ។
ករណីឃុបឃិតគ្នាជាមួយបរទេសសំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិសន្តិភាពរបស់ប្រទេស ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយការប្រព្រឹត្តនូវសកម្មភាពបែបនេះគឺជាទោសក្បត់ជាតិដែលមិនអាចលើកលែងបានឡើយ។
គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ប្រឆាំងដាច់ខាតទៅនឹងការជ្រៀតជ្រែកពីបរទេសតាមគ្រប់រូបភាពចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្លាប់បានរងគ្រោះ និងត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារអំពើបបនេះកាលពីអតីតកាល។
ជាថ្មីម្តងទៀត គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន សូមប្រកាសគាំទ្រសាលក្រមរបស់តុលាការលើសំណុំរឿងនេះ ដើម្បីជាមេរៀនសម្រាប់ជនដទៃទៀត ដែលមានគោលបំណងទុច្ចរិតផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយខុសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីរក្សានូវសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។