សៀវភៅដែលប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង រួមមាន សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល សៀវភៅអ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី សៀវភៅទឹកចិត្តអ្នកជួយសង្គ្រោះ សៀវភៅ សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ និងសៀវភៅ សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណក្រុមការងារ ដែលបាននាំយកស្នាដៃសៀវភៅ បែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីធ្វើការចែកទៅដល់រដ្ឋបាលក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាការតម្កល់ទុកនៅក្នុងបណ្ណាល័យនៅតាមវិទ្យាល័យ ក្នុងខេត្ត ដើម្បីទុកឱ្យសិស្សានុសិស្ស ក៏ដូចជាមហាជន បានសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងស្នាដៃនៃការដឹកនាំរបស់សម្តេចតេជោ ទទួលបានសុខសន្តិភាព។
លោកជំទាវអភិបាលខេត្ត បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងមានអត្ថន័យនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជាមូលដ្ឋានឱ្យសិស្សានុ សិស្ស និងមហាជនពួកគាត់ឈ្វេងយល់ឱ្យកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការយល់កាន់តែច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត។
លោកជំទាវអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារ ដើម្បីកែលម្អចងក្រងសៀវភៅនេះឡើង រហូតក្រុមការងារអាចចងក្រងបាន ជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ ទុកសម្រាប់ជាកេរមរតកដល់កូនខ្មែរគ្រប់ៗជំនាន់។
ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣