លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម វ៉ិចទ័រ អូ សមាជិកព្រឹទ្ធសភាកាណាដា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងពិធីជំនួបនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តម វ៉ិចទ័រ អូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានរាយការណ៍អំពីស្ថានភាពនយោបាយ និងស្ថានភាពសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជាជូនដល់គណៈប្រតិភូ និងបាន លើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ សំដៅធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេស តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។
ជាការឆ្លើយតប ឯកឧត្តម វ៉ិចទ័រ អូ បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាពិសេស ការទប់ស្កាត់នូវការឆ្លងរីករាលកូវីដ១៩ រហូតក្លាយជាប្រទេសដែលឈានមុខគេក្នុងការងើបចេញពីវិប្បត្តិកូវីដ ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ ។ ឯកឧត្តម វ៉ិចទ័រ អូ ក៏បានបន្តទៀតថា ទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា បានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូលង់មកហើយ ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ិចទ័រ អូ ចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងជូនពរដល់ប្រតិភូស្នាក់ទៅប្រកបដោយផាសុខភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព។