កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្មដើម្បីសម្រេចគោលដៅដែលដាក់ចេញដោយថ្នាក់ដឹកនាំASEM នៃសន្តិភាព និងវិបុលភាព

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្ម ដើម្បីធ្វើការនិងសហការជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្រេចនូវគោលដៅ ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ASEM ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាព

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្ម ដើម្បីធ្វើការនិងសហការជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្រេចនូវគោលដៅ ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ASEM ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាព។

តាមរយៈលិខិតអបអរសាទរ ក្នុងទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM Day) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នាឱកាសគម្រប់ខួបលើកទី២៧ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីស្រឡាញ់រាប់អានយ៉ាងកក់ក្ដៅបំផុត និងការជូនពរយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រជាជននៅទូទាំងទ្វីបអាស៊ី និងអឺរ៉ុប សូមឱ្យមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងវិបុលភាព។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងរយៈពេល២៧ឆ្នាំកន្លងទៅ ASEM បានរីកចម្រើនក្លាយជាវេទិកាដ៏សំខាន់មួយ ដោយមានសមាជិកចំនួន ៥៣ ប្រទេស/ស្ថាប័ន ជំរុញដោយបេសកកម្មថែរក្សាសន្តិភាព និងសន្តិសុខ ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍនៃទ្វីបទាំងពីរ។ ASEM បានដើរតួនាទីជាវេទិកាកំពូលមួយសម្រាប់ជំរុញកិច្ចសន្ទនា ដើម្បីលើកស្ទួយពហុភាគីនិយម ដោយឈរលើស្មារតីនៃការព្រមព្រៀងជាឯកច្ឆន្ទ ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នា ក្នុងការដោះស្រាយបញ្ហាអន្តរតំបន់ និងបញ្ហាប្រឈមសកល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តទៀតថា ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាមានកិត្តិយសបំផុតក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលASEMលើកទី១៣ (ASEM13) កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ដោយមានការចូលរួមកម្រិតខ្ពស់ពីសមាជិក ASEM ទាំងអស់។ ជាមួយនឹងស្មារតីខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង ដើម្បីឈានឆ្ពោះទៅរកការស្ដារសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែមានចីរភាព ថ្នាក់ដឹកនាំ ASEM បានសម្រេចនូវការព្រមព្រៀងជាឯកច្ឆន្ទយ៉ាងទូលំទូលាយលើឯកសារលទ្ធផលចំនួនបីគឺ (១) សេចក្តីថ្លែងការណ៍របស់ប្រធានASEM13៖ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសេដ្ឋកិច្ចសង្គមក្រោយជំងឺកូវីដ-១៩ និង (៣) សកម្មភាពនាពេលអនាគតស្ដីពីការតភ្ជាប់ASEM។ 

ឯកសារទាំងនេះបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ASEM ដើម្បីទប់ស្កាត់វិបត្តិសុខភាពសាធារណៈ និងលើកកម្ពស់ការតភ្ជាប់អាស៊ី-អឺរ៉ុបបន្ថែមទៀត តាមរយៈការពង្រឹងពហុភាគីនិយមសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។  

ស្របពេលដែលយើងបានធូរស្បើយពីជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំ២០២២យើងបានជួបប្រទះនូវការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងបរិបទដ៏ស្រួចស្រាវនៃសន្តិសុខតំបន់ និងសកល និងនិមា្មបនកម្មសេដ្ឋកិច្ច ជាមួយនឹងការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងភាពតានតឹងរវាងប្រទេសមហាអំណាច និងទិដ្ឋភាពជាលទ្ធផលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការប្រេះស្រាំនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ កត្តាទាំងនេះបានរួមចំណែកដល់ការធ្វើឱ្យចុះខ្សោយពហុភាគីនិយម ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលរបស់យើង ក្នុងការដោះស្រាយបញ្ហាជាអត្ថិភាពរបស់មនុស្សទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងស្ថានភាពដ៏ចាំបាច់នេះ ឯកឧត្តម សូមជំរុញឱ្យ ASEM ប្រើប្រាស់នូវភាពជាអ្នកដឹកនាំដែលមានរយៈពេលរាប់ទសវត្សរ៍មកហើយ ដើម្បីកៀរគរនូវសកម្មភាពរួមគ្នាក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការស្វែងរកដំណោះស្រាយប្រកបដោយចីរភាពបន្ថែមចំពោះបញ្ហាខាងលើ សំដៅ ធ្វើឱ្យទ្វីបទាំងពីរអាចរក្សាបាននូវមាគ៌ារបស់ខ្លួន ក្នុងការធានានូវអនាគតកាន់តែមានភាពធន់បន្ថែមទៀត សម្រាប់មនុស្សជំនាន់ក្រោយ។ក្នុងន័យនេះ កម្ពុជាផ្ដល់សារៈសំខាន់បំផុតចំពោះ ASEM ដែលជាវេទិកាកិច្ចសន្ទនាពហុភាគីប្រកបដោយភាពពាក់ព័ន្ធ និងសូមបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ដើម្បីធ្វើការ និងសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្រេចនូវគោលដៅដ៏ថ្លៃថ្លានៃសន្តិភាព និងវិបុលភាព ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ASEM ក៏ដូចជានាំមកនូវកម្លាំងក្លៀវក្លាជាថ្មីវិញក្នុងដំណើរការរបស់ ASEM ៕

Leave a Reply