ផ្លែមៀនប៉ៃលិនជាដំណាំល្បីឈ្មោះក្នុងខេត្ត បច្ចុប្បន្នតម្លៃមានការកើនឡើង ក្នុងនោះមានក្រុមហ៊ុនរោងចក្រវិនិយោគទុនសម្ងួតមៀនប៉ៃលិន និងស្វាយពីប្រទេសចិន។ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា គុណភាពនៃការសម្ងួតផ្លែមៀន និងស្វាយមានគុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ខុសពីខេត្តផ្សេងៗ។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្នកំពុងមានការខ្វះខាត ហើយក្រុមហ៊ុនកំពុងសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រមូលទិញកសិផលមៀន និងស្វាយក្នុងខេត្ត។ រោងចក្រសម្ងួតមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ បានថ្លែងឱ្យដឹងនៅថ្ងៃទី ២៣ ខែកុម្ភៈនេះថា ដោយសារមានអ្នករកស៊ីមួយចំនួនឆ្លៀតឱកាសកេងប្រវញ្ចនូវផលចំណេញរបស់ប្រជាកសិករដែលជាម្ចាស់ចម្ការ។ បច្ចុប្បន្នក្រោមការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលបានរកទីផ្សារ ជាពិសេសគឺទីផ្សារមៀន និងស្វាយ ប៉ុន្តែប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការខ្វះការទំនាក់ទំនង ទទួលព័ត៌មានឱ្យបានច្បាស់លាស់ ដូច្នេះ! មានឈ្មួញកណ្ដាល ទៅធ្វើកិច្ចសន្យាទិញពីចម្ការដោយឱ្យតម្លៃក្រោមទីផ្សាររបស់ក្រុមហ៊ុនទិញ។
ក្នុងនាមលោកស្រី និងមន្ត្រីជំនាញទាំងអស់បានគិតគ្នា និងមានវិធានការដើម្បីជួយប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាពដោយជួយធ្វើការសម្របសម្រួលម្ចាស់ចម្ការឱ្យមានទំនាក់ទំនងជាមួយក្រុមហ៊ុន ដើម្បីចៀសវាងការខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ចំនួនផ្ទៃដីដាំមៀនប៉ៃលិនមានជាង ៣ ៣៦០ ហិកតា ដែលមានប្រជាពលរដ្ឋ ៦៧៦ នាក់ ដែលជាអ្នកប្រកបមុខរបរដាំមៀន ខណៈការអនុវត្តស្ដង់ដាបានចំនួន ៦៧ ចម្ការ។
តម្លៃផ្លែមៀន បានឡើងដល់ ៤ ២០០ រៀល រហូតដល់ទៅ ៤ ៥០០ រៀល នៅដើមឆ្នាំ ២០២៣នេះ ខណៈនឹងមានកុងត្រាឡើងថ្លៃជាបន្តបន្ទាប់រវាងម្ចាស់ចម្ការ និងភាគីក្រុមហ៊ុន៕