សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ថា ករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺ រក្សាសណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសំដែងការសម និងពិភាក្សាការងារ នៅវិមានសន្តិ ភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានឲ្យដឹងក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនោះ លោក ជំទាវប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺ ម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយថា ដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។
លោកជំទាវ Gabriele បានបន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅ ពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។
លោកជំទាវ MAREK សូមគោរពជូនចំ ពោះសម្ដេចតេជោ ចំពោះជំហររបស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីទៅ លើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវធ្លាប់បានមក កាន់កម្ពុជាកាលពីឆ្នាំ២០០៩ ហើយ នៅ ពេលនេះ លោកជំទាវបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ Gabriele ថា ករណីចំពោះរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺ រក្សាសណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ហើយសម្ដេចបានស្វាគមន៍នូវគោលដៅរបស់លោកជំទាវ Gabriele និងបានជម្រាបជូនលោកជំទាវថា សហ គមន៍អាស៊ានជាសហគមន៍មួយ ដែលអនុ វត្តសេចក្តីសម្រេចតាមរយៈកុងសុងស៊ីស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុបឲ្យបានទទួលជោគជ័យនោះ ត្រូវមើល អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍ អាស៊ានដោយឡែកគ្នានោះទេ៕