មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី២៣ ខែកុម្ភៈ បានបោះឆ្នោតលើសេចក្តីសម្រេចមួយ ដែលទទួលបានការគាំទ្រពីប្រទេសជាច្រើន ទាមទារឱ្យដកទ័ពចេញពីអ៊ុយក្រែន។ ក្នុងសេចក្តីសម្រេចនោះ កម្ពុជាក៏បានបោះឆ្នោតគាំទ្រផងដែរ។
ចាប់តាំងពីរុស្ស៊ីបញ្ជូនទ័ពចូលអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យរុស្ស៊ីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ ជាថ្មីម្តងទៀត មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ បានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយគាំទ្របូរណភាពដែនដីអ៊ុយក្រែន ឯករាជ្យភាព និងជំរុញឱ្យមានសន្តិភាព ភាពត្រឹមត្រូវ និងភាពទូលំទូលាយ ដែលជួយពង្រឹងសន្តិភាព និងស្ថិរភាពពិភពលោក។
ទន្ទឹមនេះUNGA បានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនភ្លាមៗ និងដោយគ្មានលក្ខខណ្ឌចេញពីអ៊ុយក្រែន ស្របពេលខួបមួយឆ្នាំនៃសង្រ្គាម។ ក្នុងសេចក្តីសម្រេចនោះ ប្រទេសចំនួន ១៤១ ដោយមានកម្ពុជាផង បានបោះឆ្នោតគាំទ្រ, ប្រទេសចំនួន ៣២ រួមទាំងចិន និងឥណ្ឌា បានបោះឆ្នោតអនុបវាទ និងប្រឆាំងចំនួន៧។ ប្រទេសបោះឆ្នោតប្រឆាំងមានដូចជា អេរីត្រ កូរ៉េខាងជើង ម៉ាលី រុស្ស៊ី បេឡារុស នីការ៉ាហ្កា និងស៊ីរី។
ក្រោយសេចក្តីសម្រេចនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសាទរយ៉ាងខ្លាំង។
«សេចក្តីសម្រេចបានបង្ហាញថា ប្រទេសមួយណាឈរនៅខាងណា។ ប្រសិនបើសេចក្តីសម្រេចមិនមានឥទ្ធិពល រុស្ស៊ីមិនអាចប្រឆាំងយ៉ាងខ្លាំងនឹងពួកគេឡើយ»។ ប្រមុខការទូតអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាន នៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក នៅថ្ងៃទី២៣ ខែកុម្ភៈ។
យ៉ាងណាមិញ សេចក្តីសម្រេចនេះ គ្មានការចាប់បង្ខំដូចសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលរុស្ស៊ីតែងប្រើសិទ្ធិវេតូនោះទេ។ សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មានត្រឹមការដាក់សម្ពាធផ្នែកនយោបាយប៉ុណ្ណោះ។
ក្នុងពេលពិភាក្សាលើសេចក្តីសម្រេច រដ្ឋមន្រ្តីការបរទេសជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានលើកឡើងថា នៅឆ្នាំក្រោយ ពិភពលោក មិនគួរមកជួបជុំនៅអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួបនៃការឈ្លានពានរបស់រុស្ស៊ីរយៈពេល ២ឆ្នាំឡើយ។ ចំណែករដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី Catherine Colonna បានទទូចថា រុស្ស៊ីអាច និងត្រូវតែឈប់នៅថ្ងៃស្អែក។
យ៉ាងណាមិញ ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានច្រានចោលសេចក្តីសម្រេចខាងលើ ដោយបន្តហៅអ៊ុយក្រែនជាណាហ្ស៊ីថ្មី និងចោទប្រទេសលោកខាងលិច ព្យាយាមវាយប្រហារលើរុស្ស៊ី។
ជាការឆ្លើយតប ប្រមុខការទូតសហភាពអឺរ៉ុប លោក Josep Borrell បានអះអាងថា សង្រ្គាមមួយនេះ មិនមែនជាបញ្ហាអឺរ៉ុបឡើយ ហើយក៏មិនមែនរវាងលោកខាងលិច និងរុស្ស៊ីដែរ។ ត្រង់ចំណុចនេះ លោក Borrell បានបញ្ជាក់ថា នេះជាសង្រ្គាមខុសច្បាប់ ដែលបង្កឱ្យមានក្តីបារម្ភដល់មនុស្សគ្រប់គ្នា។
សូមបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន មានរយៈពេល ១ឆ្នាំហើយ ខណៈស្ថានការណ៍ក៏មានភាពស្មុគស្មាញដែរ ដែលអាចឈានទៅដល់ការរីកសាយនៃសង្រ្គាមគ្រប់ពេល ប្រសិនមានការយល់ច្រឡំណាមួយ៕