ភ្នំពេញៈ លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ។
លោកជំទាវបានថ្លេងបែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង” ។
លោកជំទាវ មិថុនា ភូថងបានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ”។
អភិបាលខេត្តកោះកុង បានថ្លែងយ៉ាងដូច្នេះថា ព្រលានយន្ដហោះនៅតារាសាគរ គឺសាងសង់រួចរាល់១០០ភាគរយហើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងកំណត់ការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយមិនពន្យាពេលទៀតនោះឡើយ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។
អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជា យន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។