លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្នាធ្នង់ និងសំណេះសំណាលជាមួយនារីឃុំថ្នាធ្នង់ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា ដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកជំទាវបានបន្តទៀតថា ៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានទំហំ១០.៥៥មx១៣ម ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះចំណាយថវិកាសាងសង់អស់ជាង ១៦០លានរៀល ដែលរួមកសាងដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងឯកឧត្តម តូច ប៉ូលីវ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ និងសហការីព្រមទាំងសប្បុរសជន គឺជាសមិទ្ធផលថ្មីសន្លាងមួយ នៅក្នុងភូមិថ្មី គឺបម្រើប្រយោជន៍រួម និងបង្ហាញពីវឌ្ឍនភាពរបស់ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដែលចាស់ទុំជាងគេ ដែលបានលើកស្ទួយនូវសន្តិភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្វាយរៀង ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត មានការគោរពស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ។ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរនូវស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ និងក្រុមការងារគណបក្សគ្រប់ថ្នាក់ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង ។
បន្ទាប់មកទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណេះសំណាលជាមួយនារីនៅក្នុងឃុំថ្នាធ្នង់ ដើម្បីអបអរសារទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» និងបាននាំយកនូវអំណោយចែកជូនដល់អ្នកចូលរួម ជាង ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ស៊ឹង ១ ក្រម៉ា ១ និងថវិកា ២ម៉ឺនរៀល ៕