ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា ដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាព ក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួល ដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកក្រូចឆ្មារ ត្រូវបន្តពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ក្នុងការពង្រឹង និងពង្រីក សមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹក ជូនគណបក្សឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។