ខេត្តកោះកុង៖ ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុក និងស្មៀនឃុំត្រពាំងរូង នៃរដ្ឋបាលស្រុកកោះកុង ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរ។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានាត្រូវបង្កើនការយកចិត្តទុក ដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ– ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពសង្គមព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ–១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យមកទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញ ក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ ដើម្បីចូលរួមចំណែកក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងហានិភ័យ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយចំនួន ហើយពាក់ព័ន្ធនឹងកិច្ចការងារនេះដែរ ខ្ញុំសូមរំលឹកឡើងវិញថា រដ្ឋបាលខេត្តក៏ធ្លាប់ បានចេញសេចក្ដីណែនាំទៅដល់រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចមួយចំនួនដូចខាងក្រោម ៖
–រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ–១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដែលកំពុងអនុវត្ត ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី នៃការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនាពេលកន្លង
–រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ហាមដាច់ខាតលើការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធីជាដើម
–រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ឱ្យអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ និងមិតភក្តិ ខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រជនងាយរងគ្រោះ ឬរងផលប៉ះពាល់ពិតប្រាកដឱ្យទទួល បាននូវប្រាក់ឧបត្ថម្ភដែរ
–រដ្ឋបាលស្រុក ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ ក្នុងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ–១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលស្រុក ត្រូវ ចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះមន្ត្រីសង្កាត់ ណាដែលបានអនុវត្តមិនប្រក្រតីនៅក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ខាងលើទាំងនេះ
–រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ត្រូវបង្កើនកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមថ្មីៗ របស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងការអនុវត្តតួនាទីជាតំណាងឱ្យក្រុមប្រឹក្សារបស់ខ្លួន គណៈអភិបាល មានតួនាទី ក្នុងការអនុវត្តមុខងារនានាដែលបានធ្វើប្រតិភូកម្មឱ្យ ដូចជាការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការគ្រប់គ្រងមន្ត្រីជាដើម។ ក្នុងការអនុវត្តតួនាទីនេះ អភិបាល ត្រូវធ្វើសេចក្តី រាយការណ៍ជូនក្រុមប្រឹក្សានៅរាល់កិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន ហើយក្រុមប្រឹក្សាក៏អាចផ្តល់ អនុសាសន៍ និងការណែនាំដល់អភិបាល អំពីការអនុវត្តតួនាទីនេះផងដែរ។ ហេតុនេះក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តឱ្យបានត្រឹមត្រូវនូវសិទ្ធិអំណាចតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានជាធរមានក្នុងនោះ ប្រធាន ក្រុមប្រឹក្សា និងអភិបាល ត្រូវរក្សាសាមគ្គីភាពដោយត្រូវធ្វើការសម្របសម្រួល ពិភាក្សានិងពិគ្រោះយោបល់គ្នា ដើម្បីលើកឡើងនូវគំនិតផ្តួចផ្តើម និងដំណោះស្រាយលើបញ្ហាសំខាន់ៗ សម្រាប់ដាក់បញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំក្រុមប្រឹក្សា ដោយមាននាយករដ្ឋបាល ជាសេនាធិការ ដើម្បីធានាឱ្យមានការស្រុះស្រួលឯកភាពគ្នាជាមុន។
ជាទីបញ្ចប់ និងជាថ្មីម្ដងទៀត ខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះវត្តមាន របស់អស់លោក លោកស្រីគណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនេះ និងសូមគោរពជូន លោក លោកស្រី ទាំងអស់ សូមបានសមប្រកបទៅដោយពុទ្ធពរជ័យទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕