សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី រៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ

ថ្ងៃត្រង់ ថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព វេលាម៉ោង១២:០០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្ងៃត្រង់ ថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព វេលាម៉ោង១២:០០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានកិត្តិយសដ៏ធំធេងជាព្រះរាជតំណាងក្នុងការរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយស និង មិត្តភាពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតី នៃ សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវទី១ ព្រមទាំងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់ ទាំងអស់ក្នុងឱកាសដ៏មហោឡារិកនេះ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងសេចក្តីរំភើបរីករាយ សូមថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដែលបាន ជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ផ្អែកលើប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ពុំធ្លាប់មានឥស្សរជនជាន់ខ្ពស់ថ្នាក់ប្រធានាធិបតីរបស់អាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាទេមកទល់ពេលនេះ។ ឯកឧត្តមគឺជាឥស្សរជនទី១នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់ឯកឧត្តមនាឱកាសនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ជាមួយមនោ សញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តម និងលោកជំទាវទី១ ក៏ដូចជាប្រជាជនអាល្លឺម៉ង់ ចំពោះប្រជាជនកម្ពុជាយើងខ្ញុំ។ ទស្សនកិច្ចនេះ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទរវាងប្រជាជននិងប្រទេសទាំងពីរ ឈានទៅកាន់កម្រិត ថ្មីមួយទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។

Leave a Reply