អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា

នាថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា

នាថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនលោកជំទាវផ្ទាល់ សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរ។

លោកជំទាវអភិបាលខេត្តបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបន្តអនុវត្តន៍ ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពសង្គម ព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យមកទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញ ក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ លោកជំទាវ មិថុនា ភូថង បន្តថា ដើម្បីចូលរួមចំណែកក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងហានិភ័យ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយចំនួន ហើយពាក់ព័ន្ធនឹងកិច្ចការងារនេះដែរ លោកជំទាវសូមរំលឹកឡើងវិញថា រដ្ឋបាលខេត្តក៏ធ្លាប់ បានចេញសេចក្ដីណែនាំទៅដល់រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចមួយចំនួនដូចជា៖ រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងអនុវត្តន៍ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី នៃការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនាពេលកន្លង។ រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ហាមដាច់ខាតលើការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាតវឹង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធីជាដើម។ រដ្ឋបាលស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ ឱ្យអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ និងមិតភក្តិ ខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រជនងាយរងគ្រោះ ឬរងផលប៉ះពាល់ពិតប្រាកដឱ្យទទួល បាននូវប្រាក់ឧបត្ថម្ភដែរ៕

Leave a Reply