នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្មខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា កិច្ចការដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចា ម ត្រូវពិភាក្សានោះមានដូចជា៖ គោលនយោបាយនៃការអភិវឌ្ឍដំណាំស្រូវ, គោលនយោបាយនៃការអភិវឌ្ឍដំណាំដែលមានរយៈពេលវែងជាប្រភេទដំណាំកសិឧស្សាហកម្ម និងគោលនយោបាយនៃការអភិវឌ្ឍដំណាំរួមផ្សំផ្សេងៗ ព្រមទាំងផ្ដោតទៅលើគោលនយោបាយនៃការចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមត្រីជាដើម។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា ភូមិសាស្ត្រខេត្តកំពង់ចាម គឺសម្បូរទៅដោយប្រភពទឹក បឹងបួរ ទន្លេ។ ប៉ុន្តែ បរិមាណត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបែរជានាំចូលពីខាងក្រៅ ដែលក្នុងមួយឆ្នាំ ប្រជាពលរដ្ឋត្រូវការបរិភោគត្រីប្រមាណជាជាង ២ម៉ឺនតោន។ ដូច្នេះ ចំណុចនេះដែលមន្ទីរកសិកម្មត្រូវពិភាក្សាគ្នាថា គួរធ្វើយ៉ាងម៉េចរៀបចំជាផែនការដាក់ចេញជាគោលនយោបាយ ក្នុងការលើកកម្ពស់ ដូចជាការចិញ្ចឹមត្រីជាដើម ពោលគឺ អាចរៀបចំជាខេត្តដែលមានកសិដ្ឋានផ្គត់ផ្គង់នូវពូជត្រី ដើម្បីឱ្យសហគមន៍ ប្រជាកសិកររបស់យើង បានយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ ឬជាលក្ខណៈសហគមន៍ ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ត្រីជូនដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់គ្រាន់ និងអាចនាំត្រីចេញទៅខាងក្រៅខេត្តបានផងដែរ ។
ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើផងដែរថា សម្រាប់ទិសដៅឆ្នាំ២០២៣ មន្ទីរកសិកម្ម ត្រូវរៀបចំផែនការ ផ្សារភ្ជាប់ជាមួយគោលនយោបាយការអភិវឌ្ឍកសិកម្មទៅលើវិស័យនីមួយៗ ធ្វើយ៉ាងណាប្រែក្លាយខេត្តកំពង់ចាម ឱ្យកាន់តែមានសក្តានុពលថែមទៀត ព្រោះថាខេត្តកំពង់ចាមមានភូមិសាស្ត្រនិងវិទ្យាសាស្ត្រទូលំទូលាយ ដែលជាខេត្តមួយប្រកបដោយសក្តានុពល ចំណូលនៃសេដ្ឋកិច្ចខេត្តលើវិស័យកសិកម្មនាំមុខ ប្រមាណជាជាង ៤១% នៃសេដ្ឋកិច្ចរបស់ខេត្ត៕