ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្រ និងប្រកាសដាក់ឱ្យដំណើរការវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់សញ្ញាបត្រ និងប្រកាសដាក់ឱ្យដំណើរការវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ផ្អែកតាមសេចក្តីរាយការណ៍ របស់អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានជម្រាបជូន គណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាបអំពី ការវិវឌ្ឍ នៃវិទ្យាស្ថានពហុបច្ចេកទេសកោះកុង ដែលចាប់ផ្តើមដំបូងពីមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកោះកុង និងបានរាយការណ៍អំពីវឌ្ឍនភាព នៃការបណ្តុះបណ្តាលប្រកបដោយជោគជ័យ ចាប់តាំងពីដំបូងរហូតដល់ពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង សូមចូលរួមអបអរសាទរចំពោះសិស្ស និស្សិតទាំង៤០០នាក់ ដែលបានខិតខំរៀនសូត្រតាំងពីឆ្នាំទី១ រហូតបានបញ្ចប់ការសិក្សាជាស្ថាពរប្រកបជោគជ័យក្នុងការសិក្សា។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត ក៏សូមចូលរួមអបអរសាទរ និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថាន ដែលខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារនៅក្នុងអង្គភាព និងយកអស់កម្លាំងកាយ កម្លាំងស្មារតីដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិស្ស និសិ្សត បានយ៉ាងល្អប្រសើរ ជាពិសេសបានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នខ្លួនរហូតដល់ទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្រេចធ្វើការប្រែក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកោះកុង ទៅជា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោកជំទាវអភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឱវាទទាំងអស់ ពិតជារក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង សហការគ្នាក្នុងការបំពេញតួនាទី ភារកិច្ចថ្មី ដែលមានចែងនៅក្នុងមាត្រា២ នៃអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ស្តីពីការប្រែក្លាយ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ទៅជា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលមានរបៀបវារៈគោលនយោបាយសេដ្ឋកិច្ចនិងសង្គម នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលបន្តផ្តោតលើមនុស្ស ជាអាទិភាពទី១ ចំណែកផ្លូវ ភ្លើង និងទឹកគឺជាអាទិភាពបន្តបន្ទាប់។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជានៅតែបន្តផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាព វិស័យអប់រំ ការលើកកម្ពស់ សេវាសុខភាពសាធារណៈនិងអាហារូបត្ថម្ភ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដោយផ្តោតការយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដូចជាស្ត្រី និងកុមារជាដើម និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍខេត្តកោះកុងរបស់យើង ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យបាន កាន់តែល្អប្រសើរជាលំដាប់។
ជាទីបញ្ចប់ និងជាថ្មីម្ដងទៀត លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី នាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងអស់ សូមបានសមប្រកបទៅដោយពុទ្ធពរជ័យទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣