អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អ ក្នុងខេត្ត

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង​ឯក​ឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរដោយក្រុម​ការ​ងារ បានអញ្ជើញពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អ តាម​ទីសាធារណៈ​​ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា​ក្នុងខេត្ត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ

ប៉ៃលិន៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង​ឯក​ឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរដោយក្រុម​ការ​ងារ បានអញ្ជើញពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អ តាម​ទីសាធារណៈ​​ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា​ក្នុងខេត្ត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បាន​កំពុង​ខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត​អនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់​រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ដូច្នេះសូម​បងប្អូនប្រជាពលរដ្ឋ ត្រូវ​ចូលរួមសហការទាំងអស់គ្នា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការ​ថែរក្សា​អនាម័យ​សាធារណៈ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើក​ប្រទេសឡើងវិញលើ​គ្រប់​វិស័យ បានធ្វើអោយសេដ្ឋកិច្ចប្រទេស​មាន​លក្ខណៈល្អ​ប្រសើជាប្រក្រតី ដែលផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានដំណើរការ​ប្រកបមុខរបររកស៊ី​ផ្សេងៗ និងដើរ​លេង​កំសាន្ត​គ្រប់ច្រកល្ហក ដោយមិនមានការភ័យខ្លាចដូចមុន គឺរៀនរស់នៅក្នុងបរិបទកូវីដ-១៩ និងបន្តអនុវត្តន៍​នូវវិធានសុវត្ថិភាព ៣ការពារ ៣កុំ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ស្នើរដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវសហការត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពខេត្ត ជាពិសេសការដាក់ភ្លើងនៅតាមសួន តាមដើមឈើនៅតាមអង្គភាព និងទីសាធារណៈ អោយឆ្លុះគ្រប់ពណ៌ ហើយនៅតាម តំបន់ទេសចរណ៍នានា ត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតប្រកបដោយសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត អោយបានកាន់តែច្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខនេះ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរម្មណីយ៍ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃ ដូចជា៖ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា រមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលដំរី និងរម្មណីយ៍ដ្ឋានកែរច្នៃល្បីៗមួយចំនួនទៀត ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ។

Leave a Reply