ភ្នំពេញ¶៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គណៈកម្មការសុរិយោដីខេត្ត បានដោះស្រាយវិវាទដីធ្លីចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ បញ្ចប់បានចំនួន ៧៤២ ករណី ក្នុងនោះក៏បានសហការជាមួយរដ្ឋបាលខេត្តដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៤ ករណី។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តម អភិបាលថ្លែងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្បាលដីសរុបក្នុងទូទាំងខេត្តដែលត្រូវចុះបញ្ជីមានប្រមាណ ៩២៤.៤២១ ក្បាលដី ស្មើនឹង ២៧៤.៣០៧ គ្រួសារ។ ក្នុងរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) អាជ្ញាធរខេត្តបានចុះបញ្ជីក្បាលដីចំនួន ១៩៩,១០៥ ក្បាលដី បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបាន ចំនួន ២១០.០៧៥ ប័ណ្ណ។
ឯកឧត្តម បញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០២២ អនុវត្តបានចំនួន ៧១៣,៥០០ ក្បាលដី ស្មើនឹង ៧៧% នៅ ក្រុង ស្រុកចំនួន ១០ ឃុំ-សង្កាត់ចំនួន ៩១ នៅសល់ចំនួន ២១០.៩២១ ក្បាលដី ស្មើនឹង ២៣% នៅ ៥ ស្រុក ១៨ ឃុំ។
ឯកឧត្តម អភិបាលខេត្តថ្លែងថា ការងារដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដីខេត្ត បានដោះស្រាយវិវាទដីធ្លីចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ បញ្ចប់បានចំនួន ៧៤២ ករណី ក្នុងនោះក៏ បានសហការជាមួយរដ្ឋបាលខេត្តដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៤ ករណី។ក្រុមការងារដោះស្រាយវិវាទដីធ្លីចល័តបាន ដោះស្រាយវិវាទដីធ្លីបានបញ្ចប់ ចំនួន ៦៣ ករណី និងច្រានចោលវិវាទដីធ្លីចំនួន ៣៦ ករណី។
បើតាមឯកឧត្តម អភិបាលខេត្ត ពលរដ្ឋដកពាក្យបណ្តឹងវិវាទដីធ្លីចំនួន ១៤ ករណី និងបញ្ចូនពាក្យបណ្តឹងមកថ្នាក់ខេត្តចំនួន ៥ ករណីនិងកំពុងដោះស្រាយវិវាទដីធ្លី ចំនួន ៩ ករណី ។ ដោះស្រាយវិវាទដីធ្លីបញ្ចប់តាមគណៈកម្មការរដ្ឋបាលបានចំនួន ៦២៥ ករណី៕