នាថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រារព្ធអបអរសាទរ ថ្ងៃជ័យ ជម្នះ ៧ មក រា លើកទី៤៤ឆ្នាំ (៧ មក រា ១៩៧៩-៧ មក រា ២០២៣) នៅបរិវេណរង្វង់មូលមុខបុរីរដ្ឋបាលខេត្ត ស្ថិតនៅនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៤៤ ទិវា ជ័យជម្នះ ៧ មករានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ លោកគ្រូ អ្នកគ្រូ យុវជនសសយកខេត្ត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខត្តត្បូងឃ្មុំ បានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថាៈ ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ប៉ុលពត សង្រ្គោះជាតិ ប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៍សាហាវយង់ឃ្នង បំផុតនេះ បានទាន់ពេលវេលា និងបានបបញ្ចប់សករាជ ដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
រយៈពេល ៤៤ ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោក ទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរៃ រាប់ទស្សវត្សរ៍, ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីក ចំរើន លើគ្រប់វិស័យ ធ្វើឱ្យប្រជាជន មានជីវភាពធូរធា និងមានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ។
ឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាងល្អ ដែលផ្តល់ភាពអនុគ្រោះ ដល់ការសម្រេចគោលដៅរបស់ យើង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍អន្តរជាតិ នៅតែបន្ត ប្រែប្រួល យ៉ាងស្មុគស្មាញក្តី នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានខិតខំ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ សម្រេចបានសមិទ្ធិផលធំៗ ថ្មីៗជាច្រើនប្រកបដោយមោទនភាព សារអរគុណសន្តិភាព ពិតជាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ ឬ ថ្ងៃក្រោយមនុស្សទាំងអស់គ្នាត្រូវការសុខសន្តិភាព ។
ក្រោយពីអានសន្ទរកថាចប់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបង្ហោះប៉ោងៗ និងថតរូបជាមួយមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ៕















