នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣ ដែលជាប់និទ្ទេសAទាំង២៩នាក់ និងអាណាព្យាបាលសិស្ស នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដល់សិស្សជាប់និទ្ទេសAទាំង២៩នាក់ ក្នុងម្នាក់១គ្រឿង ព្រមទាំងថវិការ និងអាណាព្យាបាលសិស្ស នាយកសាលាទាំង១៣ ទទួលបានថវិការមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជាការលើកទឹកចិត្តដែលសិស្សានុសិស្សៗអាណាព្យាបាល និងនាយកសាលា ដែលតែងតែខិតខំប្រឹងប្រែងបង្រៀនដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេសAថែមទៀតនោះ ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំទាំងមូល។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា សុខសន្តិភាព គឺជាកត្តាចម្បង ដែលធ្វើឲ្យសិស្សានុសិស្សរបស់យើង មានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែ ដែលប្រឡងជាប់និទ្ទេសល្អយ៉ាងច្រើនផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្រ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បន្តទៅថ្នាក់បរិញ្ញាបត្រនៅឯមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងនោះមាន៣ចំណុចសំខាន់ គឺត្រូវមានចំណេះជំនាញ ភាសា និងកុំព្យូទ័រ ដែលលោកបានផ្ដល់ជូននាថ្ងៃនេះស្រាប់ ក៏ដូចជាលើកទឹកចិត្តដល់សិស្សដែលប្រលងធ្លាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានបន្តទៀតថា ជាការពិតណាស់ ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន ជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ ។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការពីមាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។ គ្រួសារ ត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្សឱ្យដើរ ទៅតាមផ្លូវត្រូវ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បី កាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹងឱ្យខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្ងៃថ្នូរ ដើម្បី ក្លាយឃាពលរដ្ឋល្អ ជួយដល់គ្រួសារ និងសង្គមជាតិរបស់យើង នាថ្ងៃអនាគត។
បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នាឆ្នាំសិក្សា២០២១-២០២២នេះ នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនមកប្រឡងសរុប ៤,៨១០ នាក់ ក្នុងនោះស្រី ២.៧២៤នាក់ បេក្ខជនប្រឡងជាប់មានចំនួនសរុប ៣.៦២៤នាក់ ស្មើនឹង៧៥.៣៤ភាគរយ ស្រី ២,១៦០នាក់ ស្មើនឹង៧៩.៣០ភាគរយ ។ ក្នុងនោះនិទ្ទេសA សរុបចំនួន២៩នាក់ ស្រី២១នាក់ រួមមាន ៖ ស្រុកពញាក្រែកចំនួន២នាក់ ស្រុកអូរាំងឪចំនួន៧នាក់ ស្រុកតំបែរចំនួន១នាក់ ស្រុកត្បូងឃ្មុំចំនួន៣នាក់ ស្រុកក្រូចឆ្មារ៦នាក់ ស្រុកមេមត់ចំនួន២នាក់ និងក្រុងសួងចំនួន៨នាក់។ ហើយក្នុងនោះ និទ្ទេសB សរុប២៦៨នាក់ ស្រី១៦៩នាក់ និទ្ទេសC សរុប៧៨១នាក់ ស្រី៤៨៩នាក់ និទ្ទេស D សរុប១,២៩៧នាក់ ស្រី៧៩៤នាក់ និទ្ទេស E សរុប១,២៤៩នាក់ ស្រី៦៨៧នាក់ និងបេក្ខជនប្រឡងធ្លាក់សរុប១,១៨៦នាក់ ស្រី៥៦៤នាក់ ស្មើនឹង២៤.៦៦ភាគរយផងដែរ៕











